(សៀមរាប)៖ ឧត្តមសេនីយ៍ឯក ឯក មនោសែន ដាស់តឿនដល់សិស្សនាយនគបាល-នាយនគរបាលរងគ្រប់រូបត្រូវ យកចិត្តទុកដាក់សិក្សា រៀនសូត្រ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង ត្រូវមានវត្តមានគ្រប់ពេលសិក្សា ពេលប្រជុំជួរនិងគោរពវិន័យ ឲ្យបានខ្ជាប់ខ្ជួន ហើយហាមដាច់ខាត ចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា។ ត្រូវគោរពឲ្យបានដាច់ខាតនូវបទបញ្ញាតិនានា ដែលមានចែងក្នុង បទបញ្ជាផ្ទៃក្នុង ហើយត្រូវប្រកាន់ភ្ជាប់ នូវទស្សនៈ «រៀនឲ្យចេះ មិនមែនរៀនឲ្យចប់» «គុណភាពមិនអាច សម្របសម្រួលបានឡើយ» កម្រិតបឋមវិជ្ជាជីវ:នគរបាល លើកទី២ នៅសាលានគរបាលជាតិ ភូមិភាគ៤ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ។
ឧត្តមសេនីយ៍ឯក ឯក មនោសែន បានបញ្ជាក់ថា បានក្រើនរំលឹកដល់សិស្សនាយនគរបាល នាយនគររង និងសិក្ខាកាមទាំងអស់ នៅពេលត្រឡប់ ទៅបម្រើ ការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបទការងារថ្មី ជាមន្ត្រីនគរបាលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អមានការទទួល ខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឲ្យថ្នាក់ដឹកនាំផ្ដល់ជំនឿទុកចិត្តមកលើខ្លួន។
ឧត្តមសេនីយ៍ឯក ឯក មនោសែន បានថ្លៃថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបណ្ឌិត្យសភានគរបាលកម្ពុជា បានដាក់ចេញជាផែនការយុទ្ធសាស្ត្រ ក្នុងរយៈពេល ៥ឆ្នាំ(២០១៥-២០១៩) និងកម្មវិធីកំណែទម្រង់ លើការងារសំខាន់ៗ រួមមាន ៖ ការងារដឹកនាំ-គ្រប់គ្រង, ការអភិវឌ្ឍកម្មវិធីអប់រំ, ការអភិវឌ្ឍ សមត្ថភាពគ្រូបង្រៀន, ការពង្រឹងវិន័យនិស្សិត-សិក្ខាកាម សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង, ការអភិវឌ្ឍធនធានមនុស្ស, ការបង្កើតឱ្យមានយន្ដការធានាគុណភាពអប់រំផ្ទៃក្នុង ។
ឧត្តមសេនីយ៍ឯក ឯក មនោសែន បានបន្ថែមទៀតថា គឺត្រូវបង្កើតឲ្យមានវប្បធម៌គុណភាព, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈ សិក្សា, ការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល និងការពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិដៅលើកកម្ពស់ គុណភាព អប់រំ បណ្ដុះបណ្ដាល ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការការអង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិ ស្របតាមទិសដៅ របស់ក្រសួងមហាផ្ទៃ និងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
នាយឧត្តសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលកម្ពុជា ឧត្តមសេនីយ៍ឯក ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរ បាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល បានសំណេះសំណាលជាមួយ សិស្សនាយនគរបាល និងនាយនគរបាលរង ចំនួន ១៨៤នាក់ នៃវគ្គបណ្ដុះបណ្ដាល «កម្រិតបឋមវិជ្ជាជីវ:នគរបាល» លើកទី២ នៅសាលានគរបាលជាតិ ភូមិភាគ៤។
ឧត្តមសេនីយ៍ត្រី សាយ រិទ្ឌិសក្តិ នាយកសាលានគរបាលជាតិ ភូមិភាគ៤ បានធ្វើសេចក្ដីរាយការណ៍ថា សិស្សនាយនគរបាល និងនាយនគរបាលរង សម្រាប់វគ្គបណ្ដុះបណ្ដាល «កម្រិតបឋមវិជ្ជាជីវ:នគរបាល» លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ លើកនេះ មានចំនួនសរុប ១៨៤នាក់ ក្នុងនោះមកពី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន ៧៦នាក់, ស្នងការដ្ឋាននគរបាលខេត្តកំពុងធំ ៦៦នាក់, និង ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចំនួន ៤២នាក់៕