(កណ្ដាល)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាល និងពិសាអាហារជាមួយថ្នាក់ដឹកនាំភូមិ ឃុំ និងប្រជាជនមកពី២៨ភូមិ នៃឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំបន្តកសាងអភិវឌ្ឍភូមិឃុំរបស់ខ្លួន ឲ្យមានការរីកចម្រើនឆាប់រហ័ស។
តាមរបាយការណ៍បានឲ្យដឹងថា ឃុំសំរោងលើកន្លងមក បានអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព និងអភិវឌ្ឍភូមិឃុំបានល្អ ជាអាទិ៍មានស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ហើយជីវភាពរបស់ប្រជាជន ក៏មានការរីកចម្រើនស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។
ប្រជាជនក្នុងឃុំទាំងមូលបានរស់នៅដោយសុខដុមរម្យនាជាមួយគ្នា ទោះបីជាមាននិន្នាការនយោបាយផ្សេងគ្នាខ្លះក៏ដោយ។ ចំពោះការចុះបោះឆ្នោត ប្រជាពលរដ្ឋសុទ្ធតែបានអះអាងថា បានទៅចុះឈ្មោះបោះឆ្នោត និងបានទៅពិនិត្យបញ្ជីបោះឆ្នោត រួចហើយ និងបានត្រៀមលក្ខណៈដើម្បី ទៅចូលរួមបោះឆ្នោត នាថ្ងៃខាងមុខផងដែរ។
ជាការឆ្លើយតប សម្ដេចបានលើកសរសើរ ចំពោះការខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយអភិវឌ្ឍភូមិឃុំរបស់ប្រជាពលរដ្ឋ ដែលទទួលបាននូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។
សម្ដេចបានសំណូមពរឲ្យប្រជាពលរដ្ឋខិតខំឲ្យបានច្រើនថែមទៀត ដើម្បីបន្តកសាងអភិវឌ្ឍភូមិឃុំរបស់ខ្លួន ឲ្យមានការរីកចម្រើនឆាប់រហ័ស។ សម្ដេចក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរៀបចំការងាររបស់ខ្លួនឲ្យបានល្អ និងទុកពេល១ថ្ងៃ គឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលប្រជាពលរដ្ឋពេញចិត្ត ឲ្យបន្តដឹកនាំឃុំ-សង្កាត់ រយៈពេល៥ឆ្នាំតទៅមុខទៀត៕