(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងទៅកាន់អង្គវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពី អាស៊ានឆ្នាំ២០១៧នេះថា កម្ពុជា ត្រូវបានចាត់ទុកថា ជាប្រទេសសេដ្ឋកិច្ចមួយក្នុងចំណោមប្រទេសសេដ្ឋកិច្ចដែលលូតលាស់ថ្មី ទោះកម្ពុជាត្រូវបានសង្គ្រាមញាំញីខ្ទេចខ្ទីយ៉ាងណាក៏ដោយ ហើយកម្ពុជាបានសម្រេចកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ជាមធ្យម ៧.៦% ប្រចាំឆ្នាំ។
ការថ្លែងបែបនេះរបស់សម្តេចធ្វើឡើង នៅក្នុងឱកាសអញ្ជើញបើកវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពី អាស៊ានឆ្នាំ២០១៧ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ដែលត្រូវបានធ្វើឡើងនៅសណ្ឋាគារ សុខាភ្នំពេញ នារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែតេ នាយករដ្ឋមន្រ្តីឡាវ លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ួនហ៊្វុក ព្រមទាំងអ្នកវិនិយោគ និងធុរកិច្ចជនជាមេដឹកនាំមកពី បណ្តាក្រុមហ៊ុនល្បីៗធំៗ លើពិភពលោកជាច្រើនរូបទៀតផងដែរ។
សម្ដេចនាយករដ្ឋមន្រ្តីថ្លែងបន្តថា ក្រោមការវាយតម្លៃពីស្ថាប័នអន្តរជាតិ កម្ពុជារក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច មានអត្រាអតិផរណាដែលអាច គ្រប់គ្រងបានមានការគ្រប់គ្រងបំណុលសាធារណៈល្អប្រសើរ ពិសេសកម្ពុជាសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស។
សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា៖ «កម្ពុជាជាសេដ្ឋកិច្ចតូចដែលបើកចំហ នេះគឺជាមូលហេតុចម្បងដែលនាំឲ្យយើងផ្ដល់ សារៈសំខាន់ ខ្ពស់ទៅលើការធ្វើសមាហរណកម្ម និងការតភ្ជាប់ក្នុងតំបន់ ជាលទ្ធផល កម្ពុជាត្រូវបានចាត់ទុកជាសេដ្ឋកិច្ចមួយ ក្នុងចំណោមសេដ្ឋកិច្ច ដែលលូតលាស់ថ្មី ហើយក៏ត្រូវបានចាត់ទុកជាប្រទេសរងគ្រោះ ដោយសង្គ្រាមដែលមានភាពជោគជ័យជាងគេ ដោយផ្អែកលើអត្រាកំណើនសេដ្ឋកិច្ច រឹងមាំជាមធ្យម ៧,៦% ប្រចាំឆ្នាំក្នុងចន្លោះពីឆ្នាំ ១៩៩៤ ដល់ ២០១៦ ហើយរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច មានអត្រាអតិផរណាដែលអាច គ្រប់គ្រងបាន មានការគ្រប់គ្រងបំណុលសាធារណៈល្អប្រសើរ សម្រេចបាននូវការកាត់បន្ថយភាពក្រីក្រឆាប់រហ័ស»។
លើសពីនេះ គោលដៅធានាសម្រេចឲ្យបាននូវទស្សនវិស័យ រយៈពេលវែងឆ្ងាយរបស់ខ្លួន ពោលគឺការឈានឡើងទៅជាប្រទេស ដែលមានចំណូលមធ្យម កម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០ កម្ពុជានឹងបន្តជំរុញអនុវត្តការងារពាក់ព័ន្ធ ដោយឥតងាករេ និងរឹតតែសកម្មឡើង ថែមទៀត នូវគោលនយោបាយសេដ្ឋកិច្ចបើកចំហ តាមរយៈការបង្កើនកិច្ចខិតខំប្រឹងប្រែងតភ្ជាប់ក្នុងគ្រប់រូបភាព និងសមាហរណកម្មឲ្យកាន់តែស៊ីជម្រៅ ជាមួយសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក ព្រមទាំងការបង្កើនល្បឿននៃការកែទម្រង់រចនាសម្ព័ន្ធ ក៏ដូចជាការកសាងសមត្ថភាពស្ថាប័ន និងធនធានមនុស្សផងដែរ។
សូមស្តាប់ប្រសាសន៍ទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងបើកវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានឆ្នាំ២០១៧៖