(ភ្នំពេញ)៖ ស្រ្តីជាប្រពន្ធទី២របស់តារាកំប្លែងជើងចាស់នាយ ហុង ដា ត្រូវបានឃាតករឹតកសម្លាប់ចោល នៅក្នុងបន្ទប់ជាន់ទី៥ នៃអគារខុនដូ កំពុងស្ថាបនា ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ពោលនៅក្រោយផ្សារសារឿនយ៉ានី ប៉ុន្តែមិនទាន់ដឹងមូលហេតុនោះទេថា ជាករណីរំលោភសម្លាប់ ឬប្លន់ទ្រព្យសម្បត្តិ ឬជាករណីគំនុំគុំគួន ដោយនៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនៅឡើយ។ (Fresh News TV កំពុងផ្សាយផ្ទាល់)
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើលនេះមានស្ត្រីម្នាក់ឈ្មោះ អឿន ចិន្តា ត្រូវជាប្អូនស្រីបង្កើតរបស់លោក ហុង ដា បានដើរលេងតាមបន្ទប់ខុនដូក្នុងជាន់ទី៥ ហើយពេលដើរដល់បន្ទប់របស់ស្រ្តីរងគ្រោះ ស្រាប់តែប្រទះឃើញជនរងគ្រោះ មានភួយរុំក្បាលនឹងមុខ មើលមិនស្គាល់ទេ ហើយគាត់ក៏មានការភ័យស្លន់ស្លោរ បានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗដើម្បីសុំការអន្តរាគមន៍។
ក្រោយទទួលបានដំណឹងនេះភ្លាម កម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ បានចុះមកពិនិត្យជាក់ស្តែង ដល់ចំណុចខុនដូនេះ ហើយបានឲ្យឈ្មោះ អឿន ចិន្តា ត្រូវជាប្អូនលោក ហុង ដា ចូលទៅមើលមុខសាកសពស្ត្រី ដែលត្រូវគេសម្លាប់ ទើបដឹងថា ស្ត្រីដែលត្រូវជនមិនស្គាល់មុខសម្លាប់នោះគឺមានឈ្មោះ ស៊ឹម ចន្ទី ហៅស្រីមុំ អាយុ១៩ឆ្នាំ គឺជាប្រពន្ធក្រោយរបស់លោក ហុង ដា ដែលមកស្នាក់នៅក្នុងខុនដូនេះជាងកន្លះឆ្នាំមកហើយ។
បច្ចប្បន្នសមត្ថកិច្ចជំនាញ បានសហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌដង្កោ កំពុងត្រួតពិនិត្យជុំវិញទីតាំងកើតហេតុ នឹងហៅសាក្សី ដែលរស់នៅក្បែរនោះ យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីស្រាវជ្រាវតាមចាប់ឃាតក យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ជាជំហានដំបូងសមត្ថកិច្ច មិនទាន់អាចបញ្ជាក់បានថា អាចកើតចេញរឿងអី្វឲ្យប្រាកដទេ (មិនដឹងថា ជាករណីរំលោភសម្លាប់ ឬក៏ជាករណីប្លន់សម្លាប់ឬជាករណីគំនុំគុំគួន រហូតឈានដល់ការសម្លាប់បែបនេះឡើយ៕
(ជនសង្ស័យជាកូនប្រុសបង្កើតតារាកំប្លែងនាយ ហុងដា ដែលបានសម្លាប់ម្តាយចុងរបស់ខ្លួន)