(បាត់ដំបង)៖ លោក ហ៊ុន ម៉ាណែត បានផ្តាំទៅក្រុមយុវជនទាំងអស់ថា ត្រូវចងចាំថា ជួយខ្លួនឯង គឺជួយសង្គម។ បើយើងមិនជួយសង្គម យើងមិនត្រូវបង្កបញ្ហាដល់សង្គម បើយើងមិនជួយដោះស្រាយបញ្ហាសង្គម កុំធ្វើជាបញ្ហាដល់សង្គម។
នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញចូលរួមសម្ពោធអគារសាខាសាកលវិទ្យាល័យអន្តរជាតិខេត្តបាត់ដំបង និងពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រ រងជូននិស្សិតជ័យលាភី នៅខេត្តបាត់ដំបង។
នៅក្នុងឱកាសនោះលោក ហ៊ុន ម៉ាណែត បានអបអរសាទរជ័យចំពោះនិស្សិតជ័យលាភី ដែលបានទទួលជោគជ័យ នៅក្នុងការសិក្សា និងសំដែងនូវមោទនភាពជាមួយអាណាព្យាបាល នៅពេលដែលឃើញកូនទទួលបានជោគជ័យ និងការរីចម្រើននាពេលនេះ។ នេះគឺជាឱកាសដែល និស្សិតទទួល បានការសិក្សា ទទួលបានការងារដែលឱកាសនេះ គឺត្រូវពឹងលើខ្លួនឯង មានភាពម្ចាស់ការ នៅក្នុងការកសាងអនាគតខ្លួនឯង។
លោកបានថ្លែងអំណរគុណគណៈគ្រប់គ្រង សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូដែលខិតខំបណ្តុះបណ្តាលធនធានមនុស្សដែលនេះ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងការកសាងប្រទេសជាតិតាមរយៈការ បណ្តុះបណ្តាលជំនាញ សមត្ថភាពយុវជន ដែលនេះ គឺជាមោទនភាពរបស់យើងដែលមានឱកាសសិក្សារៀនសូត្រ បានគ្រប់កំរិតនិងគ្រប់ទីកន្លែង។
លោកបានបញ្ជាក់ថា «ការអប់រំបុណ្យបាប សីលធម៌ គុណធម៌ នៅក្នុងវិស័យពុទ្ធចក្រ គឺមានសារសំខាន់ណាស់ ផ្សារភ្ជាប់ជាមួយនឹងការបណ្តុះបណ្តាល សមត្ថភាពជំនាញ ចំណេះដឹងនៅក្នុងវិស័យអាណាចក្រ ដែលវិស័យទាំង២នេះ បានបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយប្រសិទ្ធិភាព សម្រាប់គ្រួសារយើង សង្គមយើង និងរក្សាទុកឱ្យមនុស្សជំនាន់ក្រោយៗទៀត។ សម័យនេះយើងបានកសាងសមត្ថភាព ធនធានមនុស្ស បានប៉ុណ្ណេះគឺជាការវិវឌ្ឍរីកចម្រើនរបស់ប្រទេសយើង។ ដូច្នេះយើងត្រូវរួមគ្នា ជួយគ្នាអភិវឌ្ឍបន្ថែមទៀត បង្កើតឱកាសបន្ថែមទៀត ឱ្យស្របទៅនឹងការចង់បានតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍប្រទេស ឱ្យកាន់មានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូធាររីកចម្រើន ព្រោះថាការអភិវឌ្ឍប្រទេសជាតិមួយ ត្រូវការចូលរួមទាំងអស់គ្នា»។
លោកបានលើកឡើងទៀតថា ចំណេះដឹងសមត្ថភាពដែលយុវជនទទួលបានថ្ងៃនេះ គឺជាមូលដ្ឋានគ្រឹះដើម្បីជួយបម្រើ ប្រជាពលរដ្ឋទៅតាមជំនាញ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ហើយត្រូវអភិវឌ្ឍបន្ថែម បន្តការសិក្សាស្រាវជ្រាវ បង្កើតឱកាសខ្លួនឯងឱ្យស្របតាមការវិវឌ្ឍរបស់ប្រទេសជាតិ៕