(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានដាស់តឿនឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់ក្នុងខេត្ត ត្រូវចុះធ្វើជំរឿនតាមផ្ទះប្រជាពលរដ្ឋ ដើម្បីធ្វើការប្រមូលកាំភ្លើងកែច្នៃ ដែលពួកគាត់រក្សាទុកដោយខុសច្បាប់ យកមកធ្វើការកម្ទេចចោល ក្នុងគោលបំណងបញ្ចៀសបញ្ហាគ្រោះថ្នាក់ផ្សេងៗ ដែលតែងតែកើតមានឡើង ដោយសារកាំភ្លើងកែច្នៃនេះ។
លោក អ៊ុន ចាន់ដា ថ្លែងបែបនេះក្នុងឱកាសដែលលោកចូលរួមពិធីប្រកាស ផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារ ក្រោមវត្តមាននាយឧត្តមសរនីយ៍ នេត សាវឿន អគ្គស្នងការរងនគរបាលជាតិ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១១ ខែឧសភាឆ្នាំ២០១៧នេះ។
លោក អ៊ុន ចាន់ដា បានបន្តថា «ក្នុងរយៈពេលកន្លងមក រហូតមកដល់ពេលនេះ គ្រោះថ្នាក់ដោយសារកាំភ្លើងកែច្នៃនេះ តែងតែកើតមានឡើងជាហូរហែធ្វើឲ្យប្រជាពលរដ្ឋស្លាប់ និងរបួសជាបន្តបន្ទាប់»។
ជាក់ស្តែងមុនពេលចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋពីរនាក់នៅស្រុកឆែប ត្រូវបានខ្មាន់កាំភ្លើងប្រភេទកែច្នៃលបបាញ់ប្រហារ បណ្តាលឲ្យស្លាប់ពីរនាក់។ ចំណែកនៅថ្ងៃទី០៧ ខែឧសភាឆ្នាំ២០១៧ ស្ត្រីម្នាក់នៅស្រុកគូលែន ត្រូវបានកាំភ្លើងកែច្នៃ របស់ប្តីរាលកៃ បណ្តាលឲ្យរងរបួសធ្ងន់មិនដឹងស្លាប់ ឬរស់ ដោយឡែកនៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញ បុរសម្នាក់នៅ ស្រុកសង្គមថ្មី បានស្លាប់បាត់បង់ជីវិតដោយសាររាលកៃកាំភ្លើងកែច្នៃ នេះដែរ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ការដែលយើងធ្វើដូច្នេះព្រោះកន្លងមកយើងបានធ្វើការផ្សព្វផ្សាយ ជាច្រើនដងហើយ តែពួកគាត់ហាក់បីដូចជា មិនស្តាប់សោះ ដូច្នេះមានតែវិធានការចុងក្រោយនេះ គឺមានតែការចុះជំរឿនតាមផ្ទះនោះទេ គួរបញ្ជាក់ថាប្រភេទកាំភ្លើងកែច្នៃ គឺពីមុនបងប្អូន ជនជាតិភាគតិចគាត់ប្រើប្រាស់សំរាប់បរបាញ់សត្វទេ តែបច្ចុប្បន្ននេះបែជានាំគ្នាប្រើសំរាប់ដោះស្រាយកំហឹងផ្ទាល់ខ្លួនទៅវិញ ដូច្នេះបើមិនចុះប្រមូលតាមផ្ទះទេ គ្រោះថ្នាក់ច្បាស់អាចកើតឡើងជាបន្តបន្ទាប់ទៀត៕