(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ បានប្រកាសបដិសេធជាដាច់ខាត ចំពោះជនខិលខូចមួយចំនួន ដែលបានយកឈ្មោះលោកស្រី អគ្គនាយកបច្ចេកទេសសុខាភិបាល ឫថ្នាក់ដឹកនាំអគ្គនាយកដ្ឋានបច្ចេកទេស សុខាភិបាលទៅប្រើប្រាស់ ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន នៅតាមបណ្ដាគ្រឹះស្ថានអាហារណ៍ និហរណ៍ឱសថ ឱសថស្ថាន ឬកន្លែងណាផ្សេងៗទៀត តាមរយៈការផាកពិន័យ ឬតាមរូបភាពផ្សេងៗក្តី។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ។
សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា «ដោយសារតែកន្លងមក មានជនខិតខូចមួយចំនួន បានប្រើប្រាស់ឈ្មោះ លោកជំទាវអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល ឫថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល ដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងការផាកពិន័យ ឫតាមបែបរូបភាពផ្សេងៗក្ដី»។
ក្រសួងសុខាភិបាល បានប្រាប់ដល់សាធារណៈជនទាំងអស់ថា បើសិនមានជនខិលខូចដែលបានប្រើឈ្មោះបោក ក្នុងរួបភាពទាំងនេះ សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 012 927 327 ឬតាម Email: [email protected]៕