(ព្រះវិហារ)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដែលបានពង្រឹងសុខសន្តិភាព សណ្តាប់ធ្នាប់ពាសពេញផ្ទៃប្រទេស មិនមែនកើតឡើងដោយការបន់ស្រន់ ចេកមួយស្និត និងធូបបីសរសៃនោះទេ។ សុខសន្តិភាពដែលកើមមានពេញផ្ទៃប្រទេសនោះ គឺកើតឡើងដោយការខិតខំ ការធ្វើពលិកម្មរបស់យើងទាំងអស់គ្នា។
ការថ្លែងរបស់នាយឧត្តមសេនីយ៍អគ្គស្នងការបែបនេះ ក្នុងឱកាសដែលលោកចូលរួមប្រកាសតែងតាំង ផ្លាស់ប្តូរស្នងការនគរបាលខេត្តព្រះវិហារថ្មី នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា «កន្លងមកមានមជ្ឈដ្ឋានខ្លះ បានលំអៀង ហើយក៏មានសារព័ត៌មានខ្លះ បានឆ្កឹះដោយបានវាយតម្លៃថា គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលបរាជ័យ»។
នាយឧត្តមសេនីយ៍ បានបន្តថា «នេះជារឿងមួយអត់ត្រឹមត្រូវទេ ព្រោះគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពយើងធ្វើបានច្រើនណាស់។ ស្ថានភាពពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ គិតពីភូមិដែលមានបទល្មើស ករណីព្រហ្មទណ្ឌ ករណីគ្រឿងញៀន ករណីគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះនេះ គឺបានមកដោយការខិតខំ បានមកពីការពលិកម្ម មិនមែនបានមកដោយការបន់ស្រន់ ចេកមួយស្និតធូបបីសរសៃនោះទេ»។
លោកថា និយាយម៉េចនិយាយចុះ សូមយល់ពីយុត្តិធម៌ផង នេះជាការខិតខំរបស់រាជរដ្ឋាភិបាល ការខិតខំរបស់ក្រសួងមហាផ្ទៃ ហើយចោទសួរថា នៅលើលោកនេះតើកន្លែងមួយណាដែលគ្មានបញ្ហា កន្លែងណាមួយដែលអត់គ្មានបទល្មើស សូម្បីតែនៅបរទេស ដែលជាប្រទេសជឿនលឿនក៏មានដែ ដូច្នេះកុំសុទិដ្ឋិនិយមពេក ត្រូវចេះថ្លឹងថ្លែងគិតពិចារណាផង។
លោកថា អ្នកខ្លះទៀតថា ចាប់តាំងពីមានភូមិ-ឃុំ មានសុវត្ថិភាព ម៉ូតូដាក់ចោលមិនបាន គឺបាត់ភ្លាម គ្រឿងញៀនមានគ្រប់ទីកន្លែង គ្រោះថ្នាក់ចារចរណ៏កើតឡើង ត្រង់ចំណុចនេះ លោកនាយឧត្តមសេនីយ៍ បានធ្វើការបកស្រាយថា នៅក្នុងសង្គមមួយ បញ្ហាវាកើតឡើងមិនចេះចប់នោះទេ ដោយសារតែបញ្ហានេះហើយ ទើបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគិតគូរផ្តួចផ្តើមកសាងគោលនយោបាយមួយភូមិ-ឃុំ មានសុវត្ថិភាព។
គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពមានន័យថា ការគៀងគរកម្លាំងសរុប មធ្យោបាយសរុប គិតតាំងពីកម្លាំងសមត្ថកិច្ច អាជ្ញាធររបស់រដ្ឋ និងប្រជាពលរដ្ឋត្រូវរួមសាមគ្គីគ្នាថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់នៅតាមមូលដ្ឋានឲ្យបានល្អ។ ភូមិឃុំមានសុវត្ថិភាពបច្ចុប្បន្ននេះ មានភូមិឃុំខ្លះល្អ ភូមិឃុំខ្លះមិនទាន់ល្អ ដូច្នេះយើងត្រូវអនុវត្តទាំងអស់គ្នា ធ្វើយ៉ាងណាឲ្យបានល្អទាំងអស់គ្នា ដើម្បីសុវត្ថិភាពភូមិឃុំរបស់យើង។
នាយឧត្តមសេនីយ៍សង្កត់ធ្ងន់ថា «ប្រទេសយើងសព្វថ្ងៃនេះ ប្រសើរជាងប្រទេសមួយចំនួន ដែលនៅមានសង្គ្រាម អសន្តិសុខ ប្រជាពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាច»។ នាយឧត្តមសេនីយ៍ នេត សាវឿន បានប្រាប់លោកស្នងការថ្នី ត្រូវធ្វើជាសេនាធិការឲ្យគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្ត ពិសេសត្រូវដឹកនាំបន្តពីស្នងការចាស់ឲ្យមានតម្លាភាព អព្យាក្រិត្យក្នុងការដឹកនាំ។
សូមបញ្ជាក់ថា ការផ្លាស់ប្តរូតែងតាំងមុខតំណែងស្នងការខេត្តព្រះវិហារ នៅពេលនេះ គឺលោកឧត្តមសរនីយ៍ត្រី យិន ចំណាន ស្នងការរងនគរបាល ខេត្តក្រចេះ ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តព្រះវិហារ ជំនួសលោកឧត្តមសរនីយ៍ទោ ស៊ី គីរី ដែលត្រូវចូលនិវត្តន៌៕