(កោះកុង)៖ សាខាកាំកុងត្រូលខេត្តកោះកុង ក្រោមការដឹកនាំដោយលោក ជា នី អនុប្រធានសាខាកាំកុងត្រូលខេត្ត រួមទាំងមន្រ្តីក្រោមឱវាទ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ បានបើកយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញមានបន្លែផ្លែឈើ ដែលអាជីវករនាំចូល ពីប្រទេសថៃ តាមមាត់ច្រកទ្វារអន្តរជាតិចាំយាម មកចែកចាយក្នុងទីផ្សារ នៃខេត្តកោះកុង ជាលទ្ធរកមិនឃើញនូវសារធាតុគីមីនោះឡើយ។
ក្នុងការចុះពិនិត្យទៅលើបន្លែផ្លែឈើ ដែលអាជីវករនាំចូលប្រទេសថៃ តាមមាត់ច្រកទ្វាអន្តរជាតិចាំយាមខាងលើនេះ លោក ជា នី អនុប្រធានសាខាប្រធានសាខា បានបញ្ជាក់ថា ការចុះប្រតិបត្តិការ ធ្វើឡើងដោយផ្អែក ទៅលើច្បាប់ស្តីពីការគ្រប់គ្រង គុណភាពសុវត្ថិភាព លើផលិតផលទំនិញនិងសេវា និងកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈគ្រប់គ្រងហនិភ័យ ដែលចែកចេញជា២ទិដ្ឋភាពរួមមាន៖ ទិដ្ឋភាពទី១៖ គឺការត្រួតពិនិត្យជាលក្ខណៈ រូបវ័ន្តបានន័យថា យើងត្រួតពិនិត្យលក្ខណៈទូទៅ ខាងក្រៅរបស់សម្ធិផលម្ហូបអាហារ ទៅលើស្លាកសញ្ញាសំបកវេចខ្ចប់ការ បរិច្ឆេតកំប៉ុងកំពិតប៉ោងរលួយ។ល។ ទិដ្ឋភាពទី២៖ គឺត្រួតពិនិត្យគុណភាព និងភាពអនុលោមដោយធ្វើការវិភាគជាបឋម ទៅផលិតផលទំនិញដោយប្រើ Test kit ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដូចជា ប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យត្រូវយកគំរូបញ្ជូនទៅវិភាគបន្ត នៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីកំណត់រកហានិភ័យ។
លោក ជា នី បានបញ្ជាក់បន្ថែមទៀតថា ជាលទ្ធផល សាខាកាំកុងត្រូលបានចុះត្រួតទំនិញ បន្លែផ្លែឈើនៅតាមមាត់ច្រកទ្វារព្រំដែន កម្ពុជា-ថៃ ដែលអាជីវករនាំចូលមកធ្វើការចែកចាយនៅតាមទីផ្សារនោះ សាខាកាំកុងត្រូល ពុំបានរកឃើញនូវផលិតផលណាមួយ ដែលត្រូវបានគេលួចបន្លំ ដាក់ប្រើប្រាស់ សារធាតុគីមីនោះឡើយ ដោយអាស្រ័យយើងបានធ្វើការត្រួតពិនិត្យ ជាប្រចាំ និងជាបន្តបន្ទាប់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
លោកក៏បានអំពាវនាវឲ្យអ្នកនាំទំនិញចូលទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមានលក្ខណៈ អនុលោមភាពខ្ពស់គ្មានសារធាតុគីមី ហើយមានសំបកវិចខ្ចប់ត្រឹមត្រូវ មានការបរិច្ចេទផលិត ដើម្បីចូលរួមចំណែកការពារផលប្រយោជន៍ អ្នកប្រើប្រាស់ទាំងផ្នែកសុខុមាលភាព និងសេដ្ឋកិច្ចផងដែរ៕