(សៀមរាប)៖ កំពែងថ្មបាយក្រៀមប្រាសាទបន្ទាយក្តីនាជ្រុងពាយ័ព្យ បណ្តោយប្រវែង៥.៥០ម៉ែត្រ កម្ពស់៣.៧០ម៉ែត្រ ត្រូវបានជួសជុលឡើងវិញ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកដោយនាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ។ ការជួសជុលនេះ ធ្វើឡើងក្នុងបំណងលើកតម្លៃមរតកវប្បធម៌ជាតិ រក្សាសោភ័ណភាព និងអភិរក្សសំណង់ឲ្យនៅគង់វង្សយូរអង្វែង សម្រាប់អ្នកជំនាន់ក្រោយ។

លោក ម៉ៅ សុខនី អ្នកជំនាញអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរបានឲ្យដឹងថា កំពែងប្រាសាទបន្ទាយក្តីត្រង់ជ្រុងពាយ័ព្យនេះ ចាប់ផ្តើមជួសជុលពីខែមករា ឆ្នាំ២០១៧ បន្ទាប់ពីធ្វើកំណាយរកឃើញថា បាតគ្រឹះក្រោមពុកផុយមិនអាចទ្រទម្ងន់ថ្មពីលើបាន។ មួយទៀតជញ្ជាំងកំពែងនេះ ក៏ទ្រេតដួលទៅខាងជើង មួយផ្នែកទៀតផង ដែលអាចបង្កហានិភ័យបាក់រលំជញ្ជាំងកំពែងកាន់តែខ្លាំង និងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរជាយថាហេតុ។ ដូច្នេះហើយទើបនាយកដ្ឋានសម្រេចចិត្តជួសជុលជាបន្ទាន់។

លោក សុខនី បន្តទៀតថា ការជួសជុលកំពែងប្រាសាទបន្ទាយក្តីនេះគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០១៧នេះហើយ ដែលនេះជាការជួសជុល លើកទី២ បន្ទាប់ពីបារាំងជួសជុលនាទសវត្សឆ្នាំ១៩៥០ ដោយប្រើស៊ីម៉ង់ត៍ដើម្បីបិទភ្ជិតថ្មបាយក្រៀមឱ្យជាប់គ្នា។ រីឯការជួសជុលដោយអ្នកជំនាញ អាជ្ញាធរជាតិអប្សរា គឺអនុវត្តតាមបច្ចេកទេសនិងវត្ថុធាតុដើមពីបុរាណ ដែលមានក្នុងស្រុក ដោយចាប់ផ្តើមពង្រឹងបាតគ្រឹះស្រទាប់ទី១ ទី២ ទី៣ឱ្យមាំតាមរយៈការយកថ្មថ្មី មកប្រើជំនួសថ្មពុកផុយ ឯថ្មចាស់ខ្លះដែលនៅប្រើការបាន ក៏ត្រូវបានយកមកប្រើវិញដែរ។

ក្រុមការងារបានរៀបថ្មទៅវិញដោយបិទភ្ជិតបាតក្រោមឱ្យជិតល្អ មិនឱ្យទឹកជ្រាបចូល ដោយប្រើបាយអដែលផ្សំពីកម្ទេចថ្មបាយក្រៀម ខ្សាច់ ដីដំបូក និងកាវសម្រាប់ប្រើក្នុងការអភិរក្ស ដែលធានាបានមិនបង្កផលប៉ះពាល់ដល់សំណង់។ ក្រៅពីនោះថ្មនីមួយៗ ក៏មានធ្នាក់សម្រាប់ទាក់គ្នាទៅវិញទៅមក ធានាបាននូវភាពរឹងមាំ ជាប់ល្អ ហើយថ្មទាំងនោះក៏រៀបត្រូវតាមលំដាប់ និងទីតាំងដោយអ្នកជំនាញមានបទពិសោធន៍យូរឆ្នាំ។

អ្នកជំនាញរូបនេះ ជឿជាក់ខ្ពស់ថា ការជួសជុលតាមរបៀបបុរាណ ទាំងបច្ចេកទេស និងសម្ភារនឹងទទួលបានលទ្ធផល និងគុណភាពល្អជាប់ បានយូរដូចបុរាណដែរ ហើយក្រោយពីបញ្ចប់ការជួសជុលនៅកំពែងប្រាសាទបន្ទាយក្តី ជ្រុងពាយ័ព្យ នាយកដ្ឋានអភិរក្សក្នុងឧទ្យាន ក៏មានគម្រោងជួសជុលនៅទីតាំងផ្សេងៗនៃកំពែងនិងតួប្រាសាទផងដែរ ព្រោះវាមានសភាពទ្រុឌទ្រោមខ្លាំងច្រើនកន្លែងដែលទាមទារឱ្យមានការ សង្គ្រោះបន្ទាន់៕