(ភ្នំពេញ)៖ ដោយមើលឃើញពីការពលីជីវិតដើម្បីជាតិដ៏ធំធេងរបស់កងកម្លាំងមួកខៀវកម្ពុជានោះ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រមុខដឹកនាំកាកបាទក្រហមកម្ពុជា បានចាត់ចែងក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា នាំយកសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងបច្ច័យចំនួន២០លានរៀល ទៅចូលរួមបុណ្យសព លោកព្រិន្ទបាលទោ ស៊ាង នរិន្ទ ទាហានមួកខៀវកម្ពុជា ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិកម្ពុជា និងអន្តរជាតិ នៅប្រទេសអាហ្រ្វិកកណ្តាល។

ពិធីបុណ្យសពលោកព្រិន្ទបាលទោ បានធ្វើឡើងនៅគេហដ្ឋានរបស់លោកផ្ទាល់ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈដែលសពជនរងគ្រោះ មិនទាន់បានបញ្ជូនមកដល់ប្រទេសកម្ពុជានៅឡើយទេ គឺត្រូវចំណាយពេលប្រមាណ២សប្តាហ៍ទៀតយ៉ាងតិច។

ជាមួយនឹងការចូលរួមជាបច្ច័យ២០លានរៀលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាមាតាមនុស្សធម៌នៅកម្ពុជា បានចាត់ចែងនាំយកនូវអំណោយផ្សេងៗ ទៀតជូនគ្រួសារសព ក្នុងនោះមានដូចជា អង្ករ ២០០គីក, ត្រីខ ៥យួរ, មី ៥កេស, អូវ៉ាន់ទី ១កេស, ស្ករស ៥គីឡូ, ទឹកក្រូច ១០កេស និង គូលេនកំប៉ុង ចំនួន១កេសផងដែរ។

ការនាំយកបច្ច័យទៅចូលរួមបុណ្យសពទាហានដែលបានធ្វើពលិកម្មដើម្បីជាតិ និងអន្តរជាតិនេះ ជាការបង្ហាញទឹកចិត្តសប្បុរសធម៌ដ៏ធំធេងរបស់ កាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានខិតខំ និងយកចិត្តទុក្ខដាក់អស់ពីកម្លាំងកាយចិត្ត ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលរងគ្រោះ មិនប្រកាន់និន្ទាការនយោបាយ។ ការចូលរួមថវិកានេះក៏ជាបង្ហាញពីអំពីការដឹងគុណដ៏អនេករបស់ទាហានកម្ពុជា ដែលបានពលីជីវិតដើម្បី ជាតិមាតុភូមិកម្ពុជា ក្នុងការការពារសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី នៃកាកបាទក្រហមកម្ពុជាទាំងអស់ មានសេចក្ដីរន្ធត់យ៉ាងក្រៃលែង និងសោកស្ដាយជាទីបំផុត នៅពេលទទួលព័ត៌មានថា ទាហានមួកខៀវកម្ពុជា ៤រូប បានទទួលមរណភាពនៅប្រទេសអាហ្រ្វីកកណ្ដាលនេះ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏​ក្រៀមក្រំបំផុតនេះ ជាមួយនឹងក្រុមគ្រួសារនៃសព ហើយសូមឲ្យវិញ្ញាណក្ខន្ធ​សព​​ទាំង ៤រូប បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្ត កុំបីឃ្លៀង​ឃ្លាតឡើយ។

សូមបញ្ជាក់ថា ទាហានមួកខៀវកម្ពុជា ៤រូប ដែលពិលីជីវិតនោះរួមមាន៖ លោកពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិកបើកបរប៊ុលដូស៊ែរ, លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និង លោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យផងដែរ៕