(ភ្នំពេញ)៖ រដ្ឋសភា នឹងបើកសម័យប្រជុំពេញអង្គ លើកទី០៨ នីតិកាលទី៥ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន។ ការកំណត់យកកាលបរិច្ឆេទនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ។
របៀបវារៈសំខាន់ៗដែលនឹងលើកទៅប្រជុំពេញអង្គនោះ រួមមាន៖
១៖ សំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការទូទាត់របស់រាជរដ្ឋាភិបាល ឲ្យក្រុមហ៊ុន អាឡិច ខបភើរេសិន។
២៖ សំណើសុំអនុម័ត នូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើការទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យក្រុមហ៊ុន ខេមបូឌាន អេនីជីII ឯ.ក។
៣៖ ការពិនិត្យលើរបាយការណ៍នៃការទទួលពាក្យបេក្ខជនចំនួន០១រូប សុំឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជ្រើសរើសតាំងដោយរដ្ឋសភានីតិកាលទី៥ ជំនួសសមាជិកក្រុមប្រឹក្សាធម្មនុញ្ញា ១រូប ដែលទទួលមរណៈភាពជាដើម៕