(ភ្នំពេញ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ សម្រាប់បងប្អូនប្រជាពលរដ្ឋ យកទៅបរិភោគប្រកបដោយគុណភាពល្អ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ មន្ត្រីសាខាផែស្ងួតចុងទីភ្នំពេញ សហការជាមួយជាមន្រ្តីមន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បានចុះត្រូតពិនិត្យទំនិញម្ហូបអាហារ នៅផ្សារបឹងកេងកង ខណ្ឌចំការមន ដើម្បីស្វែងរកនូវសារធាតុគីមីហាមឃាត់ ដែលអាជីវករមួយចំនួនតូច បានប្រើប្រាស់ និងជាកង្វល់របស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងនោះដែរមន្ត្រីកាំកុងត្រូល ក៏បានដកយកគំរូទំនិញ មួយចំនួនបញ្ជូនមកមន្ទីរពិសោធន៍ អគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ហើយដកហូតយកទំនិញហួសឌឺឡេ និងខូចគុណភាពមួយចំនួនផងដែរ ទុកដុតកម្ទេចចោល។
លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ ដែលដឹកនាំចុះពិនិត្យផ្ទាល់បានឲ្យដឹងថា ដោយមានការណែនាំបន្ថែមពីលោក ពេញ ធារម្យ ប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញរួចនោះ មន្ត្រីកាំកុងត្រូល បានធ្វើការណែនាំក្រុមអាជីវករ ទាំងអស់ក្នុងផ្សារបឹងកេងកង និងតាមបណ្តាផ្សារនានា ការដាក់តាំងលក់ផលិតផល ឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿង ប្រើប្រាស់ដែលមានផ្ទុកសារធាតុពុលនិងម្ហូបអាហារ ហាមដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទ ជាដើម។
លោក គង់ វុទ្ធី បានបន្ថែមថា ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនេះ ជាលទ្ធផលបានយកទំនិញចំនួនគំរូ៧៣គំរូ យកទៅពិនិត្យ ប៉ុន្តែបានរកឃើញតែស្លឹកគូឆាយមួយមុខប៉ុណ្ណោះ ដែលមានកាកសំណល់គីមី ហាមឃាត់ ហើយសមត្ថកិច្ចបានបានដកហូត ស្លឹកគូឆាយទំងន់០,៣០kg ធ្វើការណែនាំអាជីវករបញ្ជប់ការទទួលលក់ និងបានដកហូត ការ៉ែមបង្កកម៉ាក់ PINO ពុំមាន
កាលបរិច្ឆេទចំនួន១៩យួរ ស្មើនឹង១១kg។
ក្រោយការពិនិត្យឃើញហួសឌឺឡេ និងខូចគុណភាព ហើយចំពោះបង្គាស្រល់ មឹក ត្រីងៀត បន្លែ គុយទាវក្រៀម មីស្រល់ និងត្រីសាច់ផ្សេងៗ ជាច្រើនមុខទៀត តែមិនបានដកហូតឡើយ ដោយសារការពិនិត្យគ្មានផ្ទុកនៅសារធាតុគីមី។
លោកបានបន្តទៀតថា បន្ទាប់ពីដកហូតទំនិញរួចនោះ មន្ត្រីកាំកុងត្រូលបានស្នើឲ្យអាជីវករទាំងអស់ ត្រូវទាក់ទងម្ចាស់ ក្រុមហ៊ុនដែលយកទំនិញហួសឌឺឡេ មកជួបជុំ នឹងធ្វើកិច្ចសន្យានៅស្នាក់ការផ្សារបឹងកេងកងភ្លាមៗ ដើម្បីទប់ស្កាត់ការចែកចាយបន្តទៀត។
ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូល បានអំពាវនាវដល់ក្រុមអាជីវករទាំងអស់ ដែលលក់គ្រឿងបរិភោគស្រល់ៗ និងក្រៀម មេត្តាជួយពិនិត្យនៅគុណភាព ឲ្យបានច្បាស់ចាំទិញយកមកលក់បន្ត ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ដើម្បីជៀសវាងពីបញ្ហាប៉ះពាល់ដល់សុខាភាព ដោយសារមានជាតិគីមីនៅក្នុងទំនិញ៕