(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ស្អែកនេះ អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា នឹងទៅចូលរួមគោរពវិញ្ញាណក្ខន្ត របស់ទាហានមួកខៀវកម្ពុជា៤នាក់ នៅមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ។ នេះបើតាមការបញ្ជាក់របស់ សែម សុវណ្ណី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះដែលបានបញ្ជាក់ប្រាប់ Fresh News នៅព្រឹកមិញនេះ។
ទាហានមួកខៀវកម្ពុជា៤រូបនោះ បានពលីជីវិតនៅប្រទេសអាហ្រិ្វកកណ្តាល បន្ទាប់ពីមានការវាយប្រហារដោយ ក្រុមឧទ្ទាមទៅលើក្បួនយុទ្ធ ដំណើររបស់កម្លាំង Minusca របស់អង្គការសហប្រជាជាតិ កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧។ ក្នុងនោះរួមមាន៖ លោកពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិកបើកបរ ប៊ុលដូស៊ែរ, លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និង លោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យផងដែរ។
នៅថ្ងៃស្អែកនេះ ទីស្នាក់ការអង្គការសហប្រជាជាតិ ក៏នឹងរៀបចំគោរពវិញ្ញាក្ខន្តដល់កងទ័ពមួកខៀវ ដែលបានពលី នៅប្រទេសអាហ្រ្វិកកណ្តាលផងដែរ។
សពទាហានមួកខៀវកម្ពុជាទាំង៤រូប នឹងដឹកមកដល់ប្រទេសកម្ពុជា ២សប្តាហ៍ទៀតយ៉ាងទាបបំផុត៕