(កំពង់ចាម)៖ ថ្លែងនៅក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៤៨៨នាក់ ដែលរៀបចំឡើងកាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរមកពីគណបក្សប្រជាជនកម្ពុជា បានស្នើសមាជិក-សមាជិកាទាំងអស់ រួមគ្នាជាធ្លុង ដើម្បីបន្តកសាង និងអភិវឌ្ឍន៍ភូមិឃុំ ឲ្យកាន់តែសស្រាក់សស្រាំថែមទៀត។
លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល ៣៨ឆ្នាំ កន្លងមកនេះ នៅគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានរួមសុខរួមទុក្ខជាមួយប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាជន ហើយសម្រេចបាននូវសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តយ៉ាងច្រើនជូនប្រទេសជាតិ។
«ក្រៅពីបានទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ដោយជោគជ័យ គណបក្សបាននាំមកជូនប្រជាជននូវសិទ្ធិ សេរីភាព ប្រជាធិបតេយ្យ កិត្តិយស និងសេចក្តីថ្លៃថ្នូរ ព្រមទាំងសុខសន្តិភាពពេញទូទាំងប្រទេស ដែលបានលើកស្ទួយកិត្តិនាម និងកិត្យានុភាពកម្ពុជា ឲ្យខ្ពស់ត្រដែតឡើងសាជាថ្មីនៅលើឆាកអន្តរជាតិ»។ លោក ប៉ាន សូរស័ក្តិ គូសបញ្ជាក់បន្ថែម។
លោក ប៉ាន សូរស័ក្តិ ដែលមានតួនាទីជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មដែរនោះ បានបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនកូនក្មួយ សូមបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះឲ្យបានគ្រប់គ្នា ដោយនាំយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើការបោះឆ្នោត ដែលមានការបញ្ជាក់ពីគណៈកម្មការឃុំ/សង្កាត់ ដើម្បីអាចបោះឆ្នោតបាន»។
នៅក្នុងឱកាសនោះដែរ លោក ប៉ាន សូរស័ក្តិ ក៏បានប្រគល់ថវិកាចំនួន ៣៨លានរៀល ជូនគណបក្សស្រុកព្រៃឈរ ដើម្បីកសាងផ្លូវគ្រួសក្រហម ១ខ្សែ មានប្រវែង ៥.៥គីឡូម៉ែត្រ ឆ្លងកាត់ភូមិតាលៃ ឃុំគរ ទៅកាន់ភូមិអណ្តូងផ្តៅ និងឃុំថ្មពូន, ឧបត្ថម្ភដីចំនួន ១៤៥ឡាន សម្រាប់កសាងផ្លូវលំនៅក្នុងភូមិអូរកំបោរ ឃុំបារាយណ៍ តាមការស្នើសុំរបស់ប្រជាពលរដ្ឋក្នុងវេទិកាសាធារណៈ និងឧបត្ថម្ភសមាជិកនិងសមាជិកាថ្មីក្នុងម្នាក់ៗ ២ម៉ឺនរៀល ដើម្បីថតរូបធ្វើកាត និងចំណាយលើសោហ៊ុយធ្វើដំណើរ៕