(ត្បូងឃ្មុំ)៖ អាវភ្លើងចំនួន ៩,៣៥៣អាវ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបាននាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ យកទៅចែកជូនកងទ័ពនៅយោធភូមិទី២ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងបង្ហាញពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះសុខទុក្ខរបស់កងទ័ពទាំងអស់ ដែលកំពុងនឹងឈរជើងការពារ បូរណភាពទឹកដី និងសន្តិសុខសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ប្រាប់កងទ័ពថា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដែលបាន ផ្តើមជីវិតចេញពីកងទ័ពតស៊ូក្នុងព្រៃតាំងពីអាយុ ១៨ឆ្នាំម្ល៉េះ ដូច្នេះសម្តេចបានយល់យ៉ាងច្បាស់ ពីជីវិតរបស់កងទ័ព និងទុក្ខលំបាកដែលពួកគេបានជួបប្រទះ។
សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជនកម្ពុជាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញនេះ បានថ្លែងជំរុញថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ព។ ក្នុងរដូវភ្លៀងនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យនាំយកអាវភ្លៀងជាអំណោយ របស់សម្តេចទៅចែកជូន កងទ័ពឲ្យបានគ្រប់ៗគ្នា។
សម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ក្នុងជីវិតជាកងទ័ពសម្តេចបានស្គាល់គ្រប់រសជាតិ ទាំងការចងអង្រឹង ដេកហាលភ្លៀង និងការឈរដេកផ្អែកដើមឈើក៏មាន។
កងទ័ពបានទទួលអាវភ្លៀងនាព្រឹកមិញនេះ បានសម្តែងក្តីរំភើបរីករាយ និងគោរពអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែយកចិត្តទុកដាក់លើសុខទុក្ខរបស់ពួកគាត់ជារៀងរាល់ឆ្នាំ។
ពួកគាត់បញ្ជាក់ថា «ខែភ្លៀងចែកអាវភ្លៀង ខែរងារ ចែកអាវរងារ មិនដែលខាន បងប្អូនសូមប្តេជ្ញាចិត្តគោរពដាច់ខាត តាមបទបញ្ជា និងអនុសាសន៍របស់សម្តេច ការពាររាជរដ្ឋាភិបាល និងប្រឆាំងរាល់ការប៉ុនប៉ងណាមួយ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល ព្រមទាំងចូលរួមបោះឆ្នោត និងគោរពជូនពរសម្តេចទាំងពីរ ព្រមទាំង ក្រុមគ្រួសារ ប្រកបទៅដោយជ័យមង្គល វិបុលសុខគ្រប់ពេលវេលា»៕