(ភ្នំពេញ)៖ លោក Liang Yun អគ្គលេខាធិការប្រតិបត្តិ នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនចិន បានបញ្ជាក់ថា ប្រទេសចិន សន្យានឹងបន្តកិច្ចសហការប្រតិបត្តិការល្អជាមួយកម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់នៅកម្ពុជា។ លោកថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំទ្វេរភាគី កម្ពុជា-ចិន ស្តីពីការត្រួតពិនិត្យគ្រឿងញៀនខុសច្បាប់ លើកទី៧ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ។
លោក Liang Yun បានបន្តថា ប្រទេសចិន «នឹងបន្តជួយកម្ពុជាបន្ថែមទៀត ទាំងផ្នែកសម្ភារ បច្ចេកទេស ផ្នែកវេជ្ជៈសាស្រ្ត និងការបណ្តុះបណ្តាល អ្នកជំនាញកម្ពុជា បន្ថែមទៀតដើម្បីបំពេញតម្រូវការ ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន ខុសច្បាប់នៅកម្ពុជា ដែលចេះបន្តរីករាលដាល ក៏ដូចជាបណ្តាប្រទេសនានាក្នុង មហាអនុតំបន់ទន្លេមេគង្គ និងលើពិភពលោកផងដែរ»។
លោក Liang Yun បានបញ្ជាក់ថា ប្រទេសចិនរីករាយក្នុងការជួយដល់កម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ និងឈានទៅការលុបបំបាត់ទាំងស្រុងនូវការដាំដុះអាភៀន ការចរាចគ្រឿងញៀន កញ្ឆា សារធាតុគីមីផ្សំ និងសារធាតុញៀនប្រភេទថ្មី ដែលធ្វើឲ្យប៉ះសុខភាព អ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។
ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្ដូរបទពិសោធន៍ និងព័ត៌មានពីគ្នាទៅវិញទៅមក អំពីសភាពការណ៍ថ្មីៗ នៃប្រទេសទាំងពីរ ជាពិសេសអំពីសភាពការណ៍ថ្មីៗ ភាគីទាំងពីរបានប្ដេជ្ញាចិត្ត បន្តគាំទ្រ និងរឹតបន្តឹងចំណងទាក់ទងមិត្តភាព និងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ កម្ពុជា-ចិន ឲ្យបានកាន់តែរឹងមាំ និងស្ថិតស្ថិរជារៀងរហូត៕