(ភ្នំពេញ)៖ លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ គួច អេឃ្យូខេសិន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារចុះនាំយកមូលនិធិសប្បុរសធម៌ ចែកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជិត២០០នាក់ នៅសហគមន៍វាលស្បូវ ស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រជាមួយររាជរដ្ឋាភិបាល និងលើកកម្ពស់ការសិក្សាអប់រំ របស់កុមារៗ ដែលកំពុងជួបភាពខ្វះខាត។
ដោយមើលឃើញពីភាពខ្វះខាតរបស់ប្រជាពលរដ្ឋតាមទីជនបទ គួបផ្សំនឹងរដូវនេះបានឈានចូលរដូវវស្សាផងនោះ ទើបលោក គួច ម៉េងលី បានប្រកាសអំពាវនាវដល់សប្បុរសជន ក៏ដូចជាប្រជាពលរដ្ឋជិតឆ្ងាយដែលមានលទ្ធភាព សូមចូលរួមបរិច្ចាគជាសម្ភារក្ដី ថ្នាំសង្កូវក្ដី និងគ្រឿងឧបភោគ-បរិភោគនានា ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រទាំងនោះ ឲ្យបានច្រើនបន្ថែមទៀត។
នៅចំពោះមុខប្រជាពលរដ្ឋនាឱកាសនោះ លោក គួច ម៉េងលី បានថ្លែងថា ការដែលលោកឆ្លៀតពេល ចុះទៅជួយចែកអំណោយនាពេលនេះ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលអំណោយទាំងនោះ មួយភាគធំជាការបរិច្ចាគរបស់ក្រុមហ៊ុន ម៉េងលី ជេ គួច អេឌូខេសិន ដែលមានលោកជាប្រធានផ្ទាល់ និងបានមកពីការបរិច្ចាគជំនួយពីសប្បុរសជនមួយចំនួនផងដែរ។
លោកឧកញ៉ាបញ្ជាក់ថា សកម្មភាពមនុស្សធម៌នេះ គឺជា «យុទ្ធនាការកង់មួយជីវិតមួយ» ដើម្បីបុព្វហេតុការអប់រំរបស់កុមារៗ ដែលបានចាប់ផ្ដើមឡើងតាំងពីថ្ងៃដែលលោកបានចុះទៅពិនិត្យសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចាស់ក្មេង និងបរិច្ចាគគ្រឿងឧបភោគ-បរិភោគបន្ថែម កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ ដែលខណៈនោះ លោកបានសង្កេតឃើញថា កុមារៗភាគច្រើន បានដើរទៅរៀនក្នុងរយៈចម្ងាយប្រមាណ ២គីឡូម៉ែត្រ ទើបបណ្ដាលឲ្យលោកមានចិត្តអាណិតអាសូរ ហើយបានតាំងចិត្តថានឹងជូនជាមធ្យោបាយ និងសម្ភារសិក្សា ជូនដល់ពួកគេនៅថ្ងៃណាមួយ។ ជាក់ស្ដែងមកដល់ថ្ងៃនេះ ការតាំងចិត្តរបស់លោក បានប្រែក្លាយជាការពិតហើយ ខណៈកង់ និងសម្ភារសិក្សាជាច្រើន រួមជាមួយអំណោយមួយចំនួនទៀត ត្រូវបានប្រគល់ដល់ដៃប្រជាពលរដ្ឋ និងកុមារជាច្រើននាក់។
លោកវេជ្ជបណ្ឌិតបានបន្តថា ឲ្យតែមានការជួយជ្រោមជ្រែងពីសប្បុរសជន ក៏ដូចជាលទ្ធភាពផ្ទាល់ខ្លួន លោក និងក្រុមការងារ នឹងចុះជួយប្រជាពលរដ្ឋតាមទីជនបទនានាជាបន្តទៀត ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ពួកគាត់ ក៏ដូចជាចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ជាមួយរាជរដ្ឋាភិបាលផងដែរ។
សូមជម្រាបថា អំណោយសប្បុរសធម៌ ដែលត្រូវបានចែកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សនាឱកាសនោះ រួមមាន៖ សម្រាប់សិស្សានុសិស្សទទួលបាន កង់ចំនួន៩២គ្រឿង មី នីស្រួយលីលី អាហារសម្រន់ ទឹកបរិសុទ្ធ សម្ពៀត សៀវភៅសរសេរ និងសម្ភារសិក្សាមួយចំនួន ចំណែកប្រជាពលរដ្ឋក៏ទទួលបាន អង្ករ៥០គីឡូក្រាម ត្រីងៀត ឆៃប៉ូវ ទឹកត្រី ទឹកស៊ីអ៊ីវ អាហារសម្រន់ និងទឹកបរិសុទ្ធ សរុបជាថវិការមានចំនួន ១៣,០០០ដុល្លារអាមេរិក។
ទោះយ៉ាងណា លោកវេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរមូលដ្ឋាន ដែលបានផ្ដល់កិច្ចសហការចូលរួមក្នុងកិច្ចការសង្គមមួយនេះ ប្រកបដោយភាពរលូន និងចូលរួមគាំទ្រយ៉ាងពេញចិត្តផងដែរ៕