(កំពង់ស្ពឺ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានបន្តអំពាវនាវសារជាថ្មី ឲ្យប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី ដែលបានចុះឈ្មោះបោះឆ្នោតហើយនោះ ត្រូវតែទៅចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខទាំងអស់គ្នា ព្រោះកាតព្វកិច្ចដ៏ធំបំផុតនេះ មានរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ ដែលមិនអាចមិនធ្វើបានឡើយ។
សម្ដេចអំពាវនាវបែបនេះ ក្នុងពីធីសំណេះសំណាល អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងរៀបចំអាហារសាមគ្គីជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងកម្មករ-កម្មការនី ជាង៦ពាន់នាក់ នារាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅបរិវេណរោងចក្រផលិតស្ករស ភ្នំពេញស៊ូហ្គ័រ ដែលមានទីតាំងនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
នាឱកាសនោះដែរ លោកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន អិលវ៉ាយភីហ្គ្រុប បានបញ្ជាក់ថា ពីធីជួបជុំក្នុងថ្ងៃនេះ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីផង និងជាការជួបជុំនៃមហាគ្រួសាររបស់ក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រផងដែរ។ ក្នុងនាមជាថ្នាក់ដឹកនាំក្រុមហ៊ុន លោកឧកញ៉ាផ្ទាល់ បានថ្លែងអំណរគុណចំពោះបុគ្គលិក និងកម្មករទាំងអស់ ដែលបានខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ដោយសម្រេចបានលទ្ធផលដ៏ល្អប្រសើរ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះលោកឧកញ៉ា លី យ៉ុងផាត់ និងលទ្ធផលដែលក្រុមហ៊ុន ភ្នំពេញស៊ូហ្គ័រ សម្រេចបាន ដែលលទ្ធផលទាំងអស់នេះ បានរួមចំណែកដល់ការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ដោយបានផ្តល់ការងារជូនប្រជាជន លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន នៅតំបន់នេះយ៉ាងពិតប្រាកដ។
សម្តេចប្រធានបានបញ្ជាក់ជូនប្រជាពលរដ្ឋថា លោក លី យ៉ុងផាត់ ជាវិនិយោគិនក្នុងស្រុកឈានមុខមួយរូប ដែលបានបណ្តាក់ទុនវិនិយោគលើវិស័យជាច្រើន ដូចជា ស្ពាន ថ្នល់ អគ្គិសនី ពហុកីឡដ្ឋាន សណ្ឋាគារ ក្លឹបវាយកូនហ្គោល រមណីយដ្ឋាន រោងចក្រ កសិដ្ឋាន ចម្ការអំពៅ និងមុខរបរធំៗមួយចំនួនទៀត។ កសិដ្ឋានចម្ការអំពៅដ៏ធំល្វឹងល្វើយ និងរោងចក្រស្កសរលំដាប់អន្តរជាតិ ជាសក្ខីកម្មបង្ហាញច្បាស់ ពីការចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយតំបន់ដែលធ្លាប់មានការប្រឈម ឲ្យមកជាតំបន់ដែលមានការអភិវឌ្ឍ ស្របតាមសំណូមពរដ៏ពិសិដ្ឋរបស់ប្រជាជន និងប្រទេសជាតិ។
ក្រុមហ៊ុនបានកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្ទៃក្នុង ដូចជាផ្លូវ ផ្សារ សាលារៀន ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធទឹកស្អាត សុខាភិបាល និងអគ្គីសនី។ ដើម្បីជាគុណប្រយោជន៍ និងដើម្បីសុខភាពកម្មករនិយោជិត ឲ្យកាន់តែមានភាពល្អប្រសើរឡើង។ ជាមួយនេះ សម្តេចក៏បានកោតសរសើរដោយស្មោះ ចំពោះកម្មករនិយោជិតទាំងអស់ ដែលបានរួមរស់ធ្វើការងារ ដោយស្មារតីសាមគ្គីភាពរឹងមាំ រក្សាបាននូវភាពសុខដុមរមនា រវាងកម្មករនិយោជិតជាមួយនិយោជក។
ទន្ទឹមនេះសម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ភ្នំពេញស៊ូហ្គ័រ ដែលបានសហការយ៉ាងល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃខេត្តកំពង់ស្ពឺ ស្រុកឱរ៉ាល់ ស្រុកថ្ពង ដែលធ្វើឲ្យក្រុមហ៊ុនដំណើរការអាជីវកម្មរបស់ខ្លួន ប្រកបដោយសុខសន្តិភាព និងរីកចម្រើនជាលំដាប់ ហើយសម្តេចសង្ឃឹមថា ក្រុមហ៊ុននឹងបន្តពង្រឹង ពង្រីក និងអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀត ដើម្បីកម្ពុជាមានផលិតផលស្ករស ដែលមានស្ដង់ដាអន្តរជាតិ សម្រាប់បម្រើសេចក្តីត្រូវការក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
ដោយឡែក ពាក់ព័ន្ធនឹងដំណើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ សម្តេចប្រធានព្រឹទ្ធសភា បានអំពាវនាវប្រជាពលរដ្ឋ ដែលបានចុះឈ្មោះរួចហើយ ត្រូវអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ច និងសិទ្ធិជាប្រជាពលរដ្ឋ ស្របតាមការកំណត់របស់រដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា៕