(ភ្នំពេញ)៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងយាងទៅបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េខាងជើង នាអំឡុងខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ ខណៈដែលស្ថានភាពនៅឧបទ្វីបកូរ៉េ កំពុងមានភាពតានតឹង។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានមានព្រះបន្ទូល ប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ក្នុងបួងសួងនិងសច្ចាប្រណិធាន នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ថា ការយាងទៅបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េខាងជើង នៅខែកក្កដានោះ គឺធ្វើឡើងក្នុងនាមគណបក្ស ដើម្បីពិភាក្សាការងារមួយចំនួនអំពីបញ្ហាឧបទ្វីបកូរ៉េ ហើយក៏ជាការពង្រឹងទំនាក់ទំនាង រវាងគណបក្ស រាជានិយម ហ៊្វុនស៊ិនប៉ិច និងគណបក្សពលករកូរ៉េខាងជើងផងដែរ។
ទាក់ទងនឹងបញ្ហានៅឧបទ្វីកូរ៉េវិញ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានមានបន្ទូលថា បញ្ហានេះគួរទុកឱ្យរដ្ឋាភិបាលចិន ដែលជាប្រទេសមហាអំណាចនៅអាស៊ីនេះ ជាអ្នកសម្របសម្រួលទៅចុះ ក៏ប៉ុន្តែបើសិនជារដ្ឋាភិបាលចិន សម្របសម្រួលមិនបាន នោះសម្តេចដែលជាមិត្តរបស់កូរ៉េខាងជើង នឹងបញ្ចុះបញ្ចូលរដ្ឋាភិបាលប្រទេស ដែលគួរធ្វើយ៉ាងណាកុំឱ្យមានសង្រ្គាម។
សូមជំរាបថា បញ្ហាឧបទ្វីបកូរ៉េ បានក្លាយទៅជាបញ្ហាដ៏ក្តៅបំផុតមួយ នៅលើពិភពលោក ដែលកើតឡើងបន្ទាប់ពីកូរ៉េខាងជើង បាញ់មីស៊ីលថ្មីៗជាបន្តបន្ទាប់ ហើយសហរដ្ឋអាមេរិក ក៏បានព្រមានជាបន្តបន្ទាប់ដែរថា នឹងវាយប្រហារកូរ៉េខាងជើងតែម្តង បើសិនជារដ្ឋាភិបាលប្រទេសនេះ នៅផ្គើនបាញ់អាវុធមីស៊ីលប្រល័យលោក៕