(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង១១ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ នឹងធ្វើសន្និសីទជាមួយបណ្តាញព័ត៌មាននានាស្តីពីការធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់អាស៊ាន។
សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់អាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងត្រូវបើកជាផ្លូវការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅម៉ោង១៖៣០នាទីរសៀលថ្ងៃនេះ នៅសណ្ឋាគារសុខា។
វេទិកានេះ មានការអញ្ជើញចូលរួមពីប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្ត្រីវៀតណាម ព្រមទាំងអ្នកវិនិយោគ ធុរកិច្ចជនមកពីបណ្តាក្រុមល្បីៗលើពិភពលោកជាច្រើនរូបនេះ។ វេទិកា ក៏នឹងមានការចូលរួមយកព័ត៌មានពីអ្នកព័ត៌មានជាតិ និងអន្តរជាតិសរុបប្រមាណ ២១៧នាក់។ វេទិកានេះ ក្រៅពីការផ្សាយផ្ទាល់តាមប៉ុស្តិ៍ទូរទស្សន៍ជាតិហើយនោះ ក៏នឹងមានកាផ្សាយទៅតាមស្ថានីយ៍ទូរទស្សន៍ល្បីៗ លំដាប់ពិភពលោកចំនួន ១២ផ្សេងទៀត។
វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ត្រូវបានគេរំពឹងនឹងផ្តល់ឱកាសវិនិយោគជាច្រើនសម្រាប់កម្ពុជា ជាពិសេសបានផ្សព្វផ្សាយប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ ដែលមិនធ្លាប់មានពីមុនមកនោះឡើយ។ ការដែលវេទិកាសេដ្ឋកិច្ចពិភពលោកព្រមធ្វើនៅក្នុងប្រទេសកម្ពុជា ដោយសារតែគេបានសង្កេតឃើញថា កម្ពុជាមានស្ថេរភាពនយោបាយ និងមានសេដ្ឋកិច្ចជាតិកើនឡើងជារៀងរាល់ឆ្នាំ៕