(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានសម្តែងការសោកស្តាយក្រៃលែង ចំពោះការពលីរបស់កងកម្លាំងមួកខៀវកម្ពុជា ៤រូប ដែលរងការវាយប្រហារដោយក្រុមឧទ្ទាម នៅប្រទេសអាហ្រ្វិកកណ្តាល។
ក្នុងលិខិតរំលែកមរណទុក្ខផ្ញើជូនឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងថា «យើងខ្ញុំទាំងអស់គ្នា សូមសំដែងនូវការសោកស្តាយក្រៃលែង និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព និងកងខេមរភូមិន្ទទាំងអស់ ដែលបានបាត់បង់វីរៈយុទ្ធជន ដែលបានពលីជីវិតប្រកបដោយកិត្តិថ្លៃថ្នូរបំផុតក្នុងបេសកកម្មមនុស្សធម៌ការពារសន្តិភាពអន្តរជាតិ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ»។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ម៉ោងនៅក្នុងប្រទេសកម្ពុជា កងកម្លាំងមួកខៀវរបស់កម្ពុជាបម្រើការងារ នៅប្រទេសអាហ្រ្វិកកណ្តាល បានរងការវាយប្រហារដោយក្រុមឧទ្ទាម បណ្តាលឲ្យកម្លាំងកម្ពុជា ៤នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ កងទ័ពមួកខៀវកម្ពុជា ដែលបានពលីជីវិតនោះរួមមាន៖ អនុសេនីយ៍ទោ អ៉ឹម សំ អាយុ ៣៧ឆ្នាំ មានស្រុកកំណើតនៅស្រុកពួក ខេត្តសៀមរាប, អនុសេនីយ៍ឯក ម៉ៅ អេង អាយុ ៣៧ឆ្នាំ មានលំនៅឋានក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ, ព្រិន្ទបាលទោ ស៊ាង នរិន្ទ អាយុ ៣៥ឆ្នាំ មានលំនៅឋានក្នុងខេត្តកំពង និងលោកព្រិន្ទបាលទោ មុំ តុលា មានស្រុកកំណើតនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់៕