(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ បានបង្ហោះសាររំលែកមរណទុក្ខចំពោះ ការពលីកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាទាំង ៤រូប ដែលបានរងការវាយប្រហារដោយក្រុមឧទ្ទាមនៅប្រទេសអាហ្រ្វិកកណ្តាល។
លោក កឹម សុខា បានគូសបញ្ជាក់ក្នុងលិខិតថា លោកមានក្តីរន្ធត់ក្រៀមក្រំ និងសោកស្តាយយ៉ាងក្រៃលែង ចំពោះការទទួលមរណភាព របស់កងទ័ពកម្ពុជាទាំង ៤រូបនេះ។ លោក កឹម សុខា បន្តថា មរណភាពនេះ គឺជាការបាត់បង់ដ៏ធំធេងនូវស្វាមី ឪពុក និងមសាជិកគ្រួសារជាទីគោរព និងស្រឡាញ់ នៃគ្រួសារសព ហើយក៏ជាការបាត់បង់នូវយោធិនកម្ពុជា ដ៏អង់អាចក្លាហាន ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីការពារជាតិមាតុភូមិ និងស្ថិរភាព សន្តិភាពសកល ក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ។
ជាការកត់សម្គាល់សាររំលែកមរណទុក្ខរបស់ប្រធានគណបក្សសង្រ្គោះជាតិនេះ បានធ្វើឡើងបន្ទាប់ពីរងការរិះគន់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ថា គណបក្សសង្រ្គោះជាតិ មិនដែលចេះអបអរសាទរចំពោះសមិទ្ធផលជាតិ ហើយក៏មិនដែលចេះសម្តែងការអបអរសាទរចំពោះជោគជ័យរបស់កីឡាករ កីឡាការិនី ដែលទទួលមេដាយពីការប្រកួតកម្រិតពិភពលោកផងដែរ។
ជាមួយគ្នានោះគណបក្សប្រឆាំងមួយនេះ ក៏មិនដែលចេះចេញសាររំលែកមរណទុក្ខនៅពេលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចជាមន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាលទទួលមរណភាពនោះឡើយ។ ផ្ទុយពីគណបក្សប្រជាជនកម្ពុជា រួមទាំងសម្តេចផងដែរ តែងតែចូលរួមរំលែកមរណទុក្ខជាមួយថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ នៅពេលពួកគេបាត់បង់សមាជិក ដូចជាការទទួលមរណភាពរបស់លោក ប៉ែន សុវណ្ណ និងម្តាយក្មេករបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិជាដើម។
សម្តេចតេជោ បានហៅការដែលមិនចេះចេញលិខិតអបអរសាទរ ឬ លិខិតរំលែកមរណទុក្ខនេះថា គណបក្សសង្រ្គោះជាតិ មិនដែលមាននយោបាយ ឬស្មារតីបង្រួបបង្រួមជាតិនោះឡើយ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ម៉ោងនៅក្នុងប្រទេសកម្ពុជា កងកម្លាំងមួកខៀវរបស់កម្ពុជាបម្រើការងារនៅប្រទេសអាហ្រ្វិកកណ្តាល បានរងការវាយប្រហារដោយក្រុមឧទ្ទាម បណ្តាលឲ្យកម្លាំងកម្ពុជា ៤នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ កងទ័ពមួកខៀវកម្ពុជា ដែលបានពលីជីវិតនោះរួមមាន៖ អនុសេនីយ៍ទោ អ៉ឹម សំ អាយុ ៣៧ឆ្នាំ មានស្រុកកំណើតនៅស្រុកពួក ខេត្តសៀមរាប, អនុសេនីយ៍ឯក ម៉ៅ អេង អាយុ ៣៧ឆ្នាំ មានលំនៅឋានក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ, ព្រិន្ទបាលទោ ស៊ាង នរិន្ទ អាយុ ៣៥ឆ្នាំ មានលំនៅឋានក្នុងខេត្តកំពង និងលោកព្រិន្ទបាលទោ មុំ តុលា មានស្រុកកំណើតនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់៕