(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានសរសេរក្នុង Facebook ផ្លូវការរបស់លោក ដោយបានអំពាវនាវ សូមប្រជាពលរដ្ឋកម្ពុជាជាពិសេសយុវជន ត្រូវខិតខំថែរក្សាសន្តិភាព និងសែ្វងយល់ពីដើមចមនៃសង្គ្រាមស៊ីវិល ព្រោះប្រជាជនកម្ពុជាភាគច្រើនលើសលប់ ពិតជាបានដឹង បានលឺ និងបានឆ្លងកាត់ភ្លើងសង្គ្រាមនៅកម្ពុជាឆ្អែតហើយ ខណៈបច្ចុប្បន្នកំពុងបានរស់នៅក្រោមម្លប់សន្តិភាពដែលមិនធ្លាប់មាន ក្នុងប្រវតិ្តសាស្ត្រជាង៥០០ឆ្នាំរបស់កម្ពុជា។
ដើម្បីជាពុទ្ធិដល់ប្រជាពលរដ្ឋ និងយុវជននោះ លោក ហេង រតនា បានលើកជាឧទាហរណ៍របស់ប្រទេសនៅអាហ្រិក ដែលហែកហួរដោយសង្គ្រាមស៊ីវិល រាប់សិបឆ្នាំមកហើយ ធ្វើឲ្យប្រទេសនេះគ្មានសុខសន្តិភាពឡើយ ប្រជាពលរដ្ឋរស់នៅក្នុងសេចក្តីភ័យខ្លាចរាល់ថ្ងៃ។
លោក ហេង រតនា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «សង្គ្រាមនិងចលាចលសង្គម នៃប្រទេសអាហ្រ្វិក៖
ប្រជាជនកម្ពុជាភាគច្រើនលើសលប់ពិតជាបានដឹង បានលឺ និងបានឆ្លងកាត់ភ្លើងសង្គ្រាមនៅកម្ពុជា ហើយបច្ចុប្បន្នកំពុងបានរស់នៅក្រោមម្លប់ សន្តិភាពដែលមិនធ្លាប់មានក្នុងប្រវតិ្តសាស្ត្រជាង៥០០ឆ្នាំរបស់កម្ពុជា។
នៅពេលនេះ បណ្តាលប្រទេសមួយចំនួននៅលើសកលលោកនេះកំពុងរស់នៅជាមួយសង្គ្រាម និងការចលាចលសង្គម ជាពិសេសប្រទេសនៅអាហ្រ្វិក និយាយជារួម និយាយដោយឡែកនៅប្រទេសអាហ្រ្វិកកណ្តាលដែលមន្ត្រីកងខេមរភូមិន្ទរបស់យើងចំនួន៤នាក់បានពលី ហើយពួកឧទ្ទាមចំនួន៨នាក់ងាប់ និងរបួសជាច្រើននាក់ក្នុងពួនស្ទាក់ប្រយុទ្ធគ្នាមួយនោះ ប្រទេសមួយនេះមានប្រជាជនចំនួនប្រមាណតែជិត៥លាននាក់ មានផ្ទៃដីធំជាងកម្ពុជាជាង៣ដង (ជាង៦០០ពាន់គីឡូម៉ែត្រក្រឡា)។ មានសង្គ្រាមនិងចលាចលសង្គមតាំងពីឆ្នាំ១៨៨០មកជាហូរហែរ។
ប្រទេសក្បែរខាងមានប្រទេសស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង ប្រទេសឆាត ប្រទេសកុងហ្គូ ប្រទេសសាធារណរដ្ឋកុងហ្គូ និងប្រទេសកាមារ៉ូន ក្នុងចំណោមប្រទេសជាប់ដែនទាំង៦ សុទ្ធតែជាប្រទេសកំពុងមានសង្គ្រាម លើកលែងតែប្រទេសកាម៉ារូនមានស្ថានភាពប្រសើរជាងគេ។
សង្គ្រាមនៅប្រទេសអាហ្រ្វិកកណ្តាលនេះបានក្លាយជាសង្គ្រាមសាសនាទៅហើយ!!! ពួកឧទ្វាមសាសនាអ៉ីស្លាម និងសាសនាគ្រឹស។
សូមប្រជាពលរដ្ឋកម្ពុជាជាពិសេសយុវជន ត្រូវខិតខំថែរក្សាសន្តិភាព និងសែ្វងយល់ពីដើមចមនៃសង្គ្រាមស៊ីវិល។ ការលើកឡើងថា គ្មានសម្ភារៈសឹក គ្មានកងទព័ និងគ្មានមេដឹកនាំជាទាហាន ថាមិនអាចបង្កសង្គ្រាមបានឡើយ។ ការអះអាងបែបនេះគ្មានមូលដ្ឋាន និងជាការបោកប្រាស់ ភូតភរ ព្រោះថាសង្គ្រាម គឺកើតចេញពីគោលនយោបាយ និងការដឹកនាំរបស់នរណាម្នាក់ តាមបែបនិយមជ្រុល ហើយដឹកនាំធ្វើបាតុកម្ម កូដកម្ម ឧទ្ទាមកម្ម ភេវរកម្ម ទព័ព្រៃ ទព័ឈ្លបជាដើម។ល។ ដោយដើមចេញមកពីការញុះញង់ បណ្តុះភាពស្អប់ខ្ពើម កំហឹងឈឺចាប់ ប្រណែនឈ្នានីស ប្រកាន់ពូជសាសន៍ សាសនា និងពិសេសគឺ មនោគមនយោបាយបែបបរទេសនិយមជ្រុលជាដើម។ល។
នៅប្រទេសស៊ីរីដើមចមសង្គ្រាមចាប់ផ្តើមសំខាន់ចោទរដ្ឋាភិបាលឈរលើមូលហេតុតែ៣គឺ ១៖ អំពើពុករលួយ ២៖ គ្មានការងារធ្វើ និង ៣៖ ការគាបសង្កត់សិទិ្ធសេរីភាព ចេញពីក្រុមយុវជនបាតុកម្ម រហូតមានសង្គ្រាមមកដល់ពេលនេះ ព្រោះថា មានដំបៅរុយវារោម និងភ្លើងពីកំទេចចំបើង អាចឆេះព្រៃទាំងមូលបាន! អ្នកឈឺចាប់ពិតប្រាកដ គឺប្រជាពលរដ្ឋ»៕