(ភ្នំពេញ)៖ លោក Thongloun SISOULITH នាយករដ្ឋមន្រ្តីឡាវ បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា ព័ត៌មាននៃការប៉ះទង្គិចគ្នារវាងកងទ័ពឡាវ និងកម្ពុជា នៅតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរក្នុងខេត្តស្ទឹងត្រែងគ្រាន់តែជាពាក្យចចាមអារ៉ាម តែប៉ុណ្ណោះ។
ការបញ្ជាក់របស់នាយករដ្ឋមន្រ្តីឡាវ បានធ្វើឡើងក្នុងពេលអញ្ជើញជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាពនារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ។
ក្នុងជំនួបនោះលោក Thongloun SISOULITH បានលើកឡើងពីការងារពាក់ព័ន្ធកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានកិច្ចសហប្រតិបត្តិការគ្នាល្អជាបងប្អូន ហើយអ្វីដែលថ្នាក់ដឹកនាំកំពូលទាំងពីរបានព្រមព្រៀង និងបានចុះហត្ថលេខារួចហើយ គឺការងារទាំងនោះ កំពុងតែដំណើរការទៅមុខ ប្រសិនបើមានកិច្ចការណាដែលមិនទាន់ដំណើរការ គឺភាគីទាំងពីរនឹងពិនិត្យមើលឡើងវិញឲ្យបានឆាប់។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជាឡាវជាបងប្អូនគ្នា និងជាមិត្ត ហើយក៏កំពុងសហការគ្នាយ៉ាងល្អ។ ទន្ទឹមនឹងនោះ សម្តេចតេជោ បានឯកភាពជាមួយលោកនាយករដ្ឋមន្ត្រីឡាវក្នុងការពិភាក្សាជំរុញការងារទាំងឡាយណាដែលនៅសេសសល់ ដែលបានព្រមព្រៀងគ្នារួច ឲ្យមានការវិវឌ្ឍន៍ឆាប់រហ័សទៅមុខទៀត ជាពិសេសដើម្បីសម្រួលឲ្យប្រជាជនរស់ នៅតាមព្រំដែនបានធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកបាន និងប្រកបរបរផ្សេងៗកាន់តែងាយស្រួល ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរអោយកាន់តែប្រសើរឡើងឡើង។
លោករដ្ឋមន្រ្តីបន្តថា ព័ត៌មានប៉ះពាល់គ្នារវាងកម្ពុជា និងឡាវ នៅតំបន់ព្រំដែន នាពេលកន្លងមកគ្រាន់តែជាពាក្យចរចាមអារ៉ាមប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា កម្ពុជា និងឡាវកំពុងតែសហការគ្នាយ៉ាងល្អ គឺគណៈកម្មការព្រំដែននៃប្រទេសទាំងពីរកំពុងតែជួបជុំពិភាក្សាការងារ ហើយថ្នាក់ដឹកនាំទាំងពីរនៅពេលនេះ ក៏កំពុងតែព្រមព្រៀងគ្នាជំរុញការងារដែលសេសសល់ ពោលធ្វើយ៉ាងណាឲ្យមានការវិវឌ្ឍន៍ទៅមុខថែមទៀត ព្រមទាំងកំពុងជំរុញការសាងសង់ស្ពាន ឆ្លងកាត់ទន្លេរល្ពៅ នៅតំបន់ព្រំដែនកម្ពុជា-ឡាវ ឲ្យបានឆាប់ថែមទៀតផង។
ក្នុងជំនួបនោះលោកនាយករដ្ឋមន្រ្តីឡាវ បានថ្លែងកោតសរសើរពីការរីកចម្រើនរបស់កម្ពុជា ជាពិសេសរាជធានីភ្នំពេញពោរពេញដោយអាគារខ្ពស់ៗជាច្រើន។ លោក Thongloun SISOULITH បានថ្លែងអំណរគុណសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានអញ្ជើញលោកមកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន (World Economic Forum on ASEAN) នៅកម្ពុជា។ លោកនាយករដ្ឋមន្រ្តីបានអបអរសាទរចំពោះកម្ពុជា ក្នុងការរៀបចំវេទិកាកម្រិតពិភពលោកនេះ ហើយលោកជឿជាក់ថា នឹងទទួលបានជោគជ័យ នៅក្រោមការដឹក នាំរបស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណលោក Thongloun SISOULITH ដែលបានអញ្ជើញមកចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ៕