(ភ្នំពេញ)៖ បន្ទាប់ពីរងការព្រមានធ្ងន់ៗពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជុំវិញការបង្ហោះរូបភាព និងព័ត៌មានក្លែងក្លាយចោទប្រកាន់ថា ទាហានមួកខៀវកម្ពុជា ត្រូវបានក្រុមឧទ្ទាម ISIS កាត់ក្បាលនៅប្រទេសអាហ្រ្វិកកណ្តាល, នៅពេលនេះនាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ ម្ចាស់ Facebook ឈ្មោះ ឡុង ឌីម៉ង់ បានដាក់លិខិតគោរពសុំទោសសម្តេចតេជោ ហ៊ុន សែន តាមរយៈនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយសុំការសណ្តោសប្រណី និងសុំការលើកលែងទោសពីសម្តេចតេជោ ហ៊ុន សែន ហើយសន្យាថា នឹងពុំប្រព្រឹត្តិកំហុសបែបនេះ ទៀតឡើយ។

ការដាក់លិខិតសុំការសណ្តោសប្រណីពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅពេលលោក ឡុង ឌីម៉ង់ ចូលបំភ្លឺនៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម នាល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ។

​នៅក្នុងលិខិតសុំទោសនោះលោក ឡុង ឌីម៉ង់ បានសរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំបាទពិតជាមានការសោកស្តាយយ៉ាងខ្លាំង ចំពោះកំហុសឆ្គងដោយ អចេតនានេះ ដោយក្មួយពុំមានការយល់ដឹងច្បាស់លាស់ជ្រៅជ្រះ​ទាក់ទងទៅនឹងអត្ថន័យ​ក្នុងរូបភាព ដែលបាន Share។ ខ្ញុំបាទពុំមានចេតនាធ្វើឲ្យ ប៉ះពាល់ដល់កិត្តិយសកងកម្លាំងជាតិ ឬធ្វើឲ្យមានភាពមិនប្រក្រតីណាមួយសម្រាប់ សង្គមជាតិយើងទេ»។ ខ្ញុំបាទសូមគោរពអនុញ្ញាត អភ័យទោសពីសម្តេច និងសូមសម្តេចមេត្តាលើកលែងទោសដល់រូបខ្ញុំបាទដោយក្តីអនុគ្រោះបំផុត។ ខ្ញុំបាទសូមសន្យាបេ្តជ្ញាថា នឹងពុំប្រព្រឹត្តកំហុសឆ្គងបែបនេះ ទៀតទេនៅថ្ងៃក្រោយ»

* សូមបញ្ជាក់ថា ទាហានមួកខៀវរបស់កម្ពុជាមិនត្រូវបានសម្លាប់ដោយកាត់ក្បាល ដូចការបង្ហោះនៅលើ Facebook ឈ្មោះ ឡុង ឌីម៉ង់​ នេះទេ, រូបភាពកាត់ក្បាលនោះជារូបភាពក្នុងករណីផ្សេងតែប៉ុណ្ណោះ។

ខាងក្រោមនេះជាលិខិតសុំការសណ្តោសប្រណីសម្តេចតេជោ ហ៊ុន សែន៖