(ភ្នំពេញ)៖ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប១០ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជានាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអរគុណ និងកោតសរសើរដល់ក្រសួងពាក់ព័ន្ធ រួមនិងសមាគមអតីតយុទ្ធជន ដែលបានរួមគ្នាប្រឹងប្រែងជួយដោះស្រាយទុក្ខលំបាករបស់អតីតយុទ្ធជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អតីតយុទ្ធជន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុសង្គមជាតិ ដូចជាការរំដោះប្រទេសចេញពីរបប ប៉ុល ពត ទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់ជាថ្មីនៃរបបប៉ុលពត ព្រមទាំងការរក្សានូវសុខសន្តិភាពសម្រាប់សង្គមជាតិរហូតមក ដល់ពេលបច្ចុប្បន្ន។ សម្តេចតេជោ បានបន្ថែមថា បើគ្មានការលះបង់ និងពលីនូវកម្លាំងកាយ ញើសឈាម រហូតដល់អាយុជីវិតរបស់អតីត យុទ្ធជនទេនោះ សង្គមជាតិ ក៏មិនមានសុខសន្តិភាព និងផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះផងដែរ។
សម្តេចតេជោ បានថ្លែងថា «ខ្ញុំពិតជាអរគុណ និងកោតសរសើរថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ជាពិសេសនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានប្រឹងប្រែងពាំនាំនូវការសួរសុខទុក្ខរបស់ខ្ញុំ និងអំណោយរបស់ខ្ញុំទៅកាន់បងប្អូនអតីតយុទ្ធជននៅតាមមូលដ្ឋាននានា»។
ក្នុងពិធីនាព្រឹកមិញនេះសម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួមជាមួយក្រសួងមុខងារសាធារណៈ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រឹងប្រែងដោះស្រាយដំឡើងប្រាក់បៀវត្សរ៍ជូនអតីតយុទ្ធជន ដែលបានចូលនិវត្តន៍ក្នុង ពេលមានប្រាក់ខែទៀប។ បើតាមសម្តេចតេជោ គឺសម្តេចចង់ឲ្យរៀបចំដំឡើងប្រាក់បៀវត្សរ៍សម្រាប់អតីតយុទ្ធជន ដែលមានប្រាក់ខែទៀបពេលចូលនិវត្តន៍នោះ ឲ្យបានឆាប់រហ័ស។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ចែងដោះស្រាយដីធ្លីជូនអតីតយុទ្ធជនដែលមានជីវភាពក្រីក្រ ដើម្បីសង់លំនៅឋានស្នាក់នៅ និងបង្កបង្កើនផលសម្រាប់ចិញ្ចឹមជីវិត។ បើទោះបី យ៉ាងណាសម្តេចតេជោ ស្នើឲ្យអតីតយុទ្ធជនដែលទទួលបានដីហើយ ត្រូវរក្សាទុកមិនត្រូវយកទៅលក់ដូរនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់ម្ចាស់ក្រុមហ៊ុននានា ព្រមទាំងសប្បុរសជន ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដោះស្រាយ ទុក្ខលំបាករបស់អតីតយុទ្ធជន។
សូមបញ្ជាក់ថា ឆ្នាំ២០១៦កន្លងទៅនេះ ក្រោមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជននោះ ថ្នាក់ដឹកនាំសមាគម ជាពិសេសនាយឧត្តមសេនីយ៍ គន់ គីម ជាអគ្គលេខាបានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដើម្បីដោះស្រាយទុក្ខលំបាក់របស់អតីតយុទ្ធជន។ នាយឧត្តមសេនីយ៍ គន់ គីម បានចុះទៅជួបសំណេះសំណាលដោយផ្ទាល់ជាមួយអតីតយុទ្ធជននៅទាំង២៥ រាជធានី-ខេត្ត ដើម្បីបានស្តាប់នូវកង្វល់ និងបញ្ហាដែលពួកគាត់កំពុងប្រឈម ហើយក៏បានរកនូវដំណោះស្រាយភ្លាមៗជូនពួកគាត់ផងដែរ។
បើតាមនាយឧត្តមសេនីយ៍ គន់ គីម បានឲ្យដឹងថា នៅឆ្នាំ២០១៦ គណៈអចិន្ត្រៃយ៍ និងថ្នាក់ដឹកនាំសមាគម នៅគ្រប់ថ្នាក់ បានចុះជួបសំណេះសំណាល និងផ្តល់ការឧបត្ថម្ភនានាដល់អតីតយុទ្ធជនបានចំនួន ១៣៩លើក និងបានជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនបានជិត ៤០០ខ្នង។
សមាគម ក៏បានបើកផ្តល់ប្រាក់មរណសង្រ្គោះជូនគ្រួសារសពសមាជិកសមាគម បានប្រមាណ ១,៥៨៣សព ក្នុងនោះប្រើប្រាស់ថវិកាបេឡាមរណៈសង្រ្គោះចំនួន ១,០៨៤សព និងថវិកាសម្តេចតេជោ ហ៊ុន សែន ចំនួន ៥០១សព៕