(ភ្នំពេញ)៖ ជនជាតិចិនម្នាក់ចូលហាងម៉ាស្សាមួយកន្លែង ត្រូវនារីៗម៉ាស្សាលួចយកលុយអស់១៣៥ដុល្លារ រួចដាក់លុយដុល្លាសែនមកឲ្យវិញ ហើយហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
នគរបាលប៉ុស្តិ៍កាកាបបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ZHANG JIANAN អាយុ២៦ឆ្នាំ ជាជនជាតិចិន ស្នាក់ផ្ទះលេខ៦៨A ផ្លូវលេខ០២ ក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នគរបាលដដែលបន្ថែមថា ដំណើររឿងនៅមុនកើតហេតុ យុវជនជាជនជាតិចិនរូបនោះ បានមករកសេវាកម្ម ម៉ាស្សានៅកន្លែងកើតហេតុខាងលើ នៅពេលដែលជនរងគ្រោះ បានចូលទៅក្នុងបន្ទប់ហើយនោះ នារីបម្រើសេវាកម្មម៉ាស្សា ក៏បានឲ្យជនរងគ្រោះដោះសំលៀកបំពាក់ចេញទាំងអស់ រួចក៏ម៉ាស្សាជាធម្មតា នៅក្រោយពេលដែលចប់ម៉ោង និងម៉ាស្សារួចហើយនោះជនរងគ្រោះបានឲ្យលុយថ្លៃ សេវារួចហើយក៏បានទៅរកទិញរបស់ញាំ តែដកកាបូបដើម្បីឲ្យថ្លៃទិញគេ ស្រាប់តែលុយក្លែងក្លាយជាក្រដាសប្រាក់១០០ដុល្លា លុយសែនខ្មោចទៅវិញ ហើយលុយក្នុងកាបូបចំនួន១៣៥ដុល្លារ បាត់អស់គ្មានសល់ ទើបបង្កមានការភ្ញាក់ផ្អើល បន្ទាប់ពីជនរងគ្រោះបានដឹងថាខ្លួនបានបាត់លុយ បន្ទាប់ពីបានចូលកន្លែងម៉ាស្សា។
ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ភ្លាមៗនោះកម្លាំងនគរបាលបានចុះទៅដល់កន្លែង កើតហេតុភ្លាម តែក្រុមនារីម៉ាស្សាខាងលើ បានចាក់ សោរហាងរត់គេចខ្លួនបាត់អស់៕