(ភ្នំពេញ)៖ សពរបស់ទាហានមួកខៀវកម្ពុជាទាំង៤នាក់ ដែលបានពលីនៅប្រទេសអាហ្រ្វិកកណ្តាលនោះ នឹងដឹកមកដល់កម្ពុជា យ៉ាងតិចបំផុត ២សប្តាហ៍ទៀត ដោយសារតែ ត្រូវរៀបចំពិធីឱ្យរួចរាល់នៅទីតាំងឈរជើងរបស់កម្លាំង UN។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ដែលបានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ។
លោក ឈុំ សុជាតិ បានឱ្យដឹងថា មូលហេតុដែលការដឹកសពទាហានពលី មកកម្ពុជា ត្រូវចំណាយពេលពេលបែបនេះ ដោយសារតែសពទាំងអស់ ត្រូវដឹកពីតំបន់កើតហេតុ ទៅកាន់ទីតាំងឈរជើងរបស់កម្លាំងអង្គការសហប្រជាជាតិ ហើយត្រូវរៀបចំពិធី និងគោរពវិញ្ញាណក្ខន្តពួកគាត់ នៅទីនោះ ដែលរៀបចំដោយអង្គការសហប្រជាជាតិ បន្ទាប់មកក៏ត្រូវដឹកមកកម្ពុជាតែម្តង។
សូមបញ្ជាក់ថា នៅយប់រំលងអាធ្រាត្រ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ មានការវាយប្រហារ ដោយក្រុមឧទ្ទាមទៅលើក្បួនយុទ្ធ ដំណើររបស់កម្លាំង Minusca របស់អង្គការសហប្រជាជាតិ បណ្តាលឱ្យកម្លាំងកម្ពុជាម្នាក់ស្លាប់ភ្លាមៗ ម្នាក់រងរបួស និងបាត់ខ្លួន៣នាក់។ ប៉ុន្តែពេលនេះអ្នកដែលបាត់ខ្លួនទាំងនោះបានស្លាប់ហើយ។ សពរបស់ពួកគាត់ត្រូវបានរកឃើញនៅប្រមាណ២គីឡូម៉ែត្រ ពីកន្លែង កើតហេតុ (ចំនួនអ្នកស្លាប់ទាំងអស់៤នាក់ មុនម្នាក់ ក្រោយ៣នាក់)។
បើតាមសេចក្តីប្រកាសក្រសួងការពារជាតិ បានឱ្យដឹងថា ទាហានមួកខៀវកម្ពុជា ៤រូប ដែលទទួលមរណភាព រួមមាន៖ លោកពល បាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិកបើកបរប៊ុលដូស៊ែរ, លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និង លោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យផងដែរ៕