(បន្ទាយមានជ័យ)៖ អធិការរងក្រុងសិរីសោភណ្ឌម្នាក់ បានរងការចោទពីប្រជាពលរដ្ឋ រឿងឲ្យជួយរត់ការចេញពីគុក ក្នុងតម្លៃ២០០០ដុល្លារ ដោយបានសន្យាថា ត្រឹមតែ១០ថ្ងៃ ទៅ១ខែ តែប៉ុណ្ណោះ តែអស់រយៈពេលជាង៥ខែហើយ នៅឡើយមិនទាន់បានសម្រេច។ នេះបើតាមការបញ្ជាក់ ពីម្តាយជនសង្ស័យបានប្រាប់មកភ្នាប់ងារ Fresh News ប្រចាំខេត្តបន្ទាយមានជ័យ រសៀលថ្ងៃនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។
ស្រ្ដីជាម្តាយរបស់ជនសង្ស័យខាងលើ ឈ្មោះ អៀង តឿ អាយុ៤៦ រស់នៅភូមិក្បាលស្ពាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ មានកូនប្រុសជាប់ចោទឈ្មោះ អុយ បូរិន អាយុ២១ឆ្នាំ មុនរបរកម្មកររោងចក្រ បានឲ្យដឹងថា កូនប្រុសគាត់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ម្នាក់ និងលោក អ៊ិត នាថ អធិការរង ក្រុងសិរីសោភ័ណ បានចោទប្រកាន់ពីបទបង្កហិង្សារដោយចេតនា និងមានបក្ខពួកជាង១០នាក់ពាក់ព័ន្ធ តែរត់គេចទៅប្រទេសថៃអស់ហើយ ដោយហេតុការណ៍បង្កហិង្សា កាលពីថ្ងៃបុណ្យអុំទូក ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ។
ស្រ្ដីរូបនេះបានបន្តថា កូនប្រុសគាត់ពុំមានការពាក់ព័ន្ធឡើយ ហើយកូនប្រុសគាត់បានទៅការងារធម្មតាទេ ចំណែកអ្នកពាក់ព័ន្ធបានរត់គេចខ្លួនអស់ ហេតុអីបានជាសមត្ថកិច្ច ចាប់កូនប្រុសគាត់ទៅវិញ ព្រោះអីថ្ងៃកើតហេតុ កូនប្រុសគាត់ គ្រាន់តែជិះម៉ូតូជាមួយ មិត្តភក្តិ បក្ខបង្កហិង្សា ចំណែកកូនប្រុសគាត់ពុំបានដឹងរឿងមានបញ្ហាឡើយ។
ស្រី្ដរូបនេះដដែល បានបន្ថែមទៀតថា គាត់បានយកលុយឲ្យលោកអធិការរង អ៊ិត នាថ ចំនួន២០០០ដុល្លារ ជួយរត់ការឲ្យកូនប្រុស ចេញពីការជាប់ចោទ និងចេញពីពន្ធនាគារ ព្រោះអីកូនប្រុសម្នាក់នេះ ក្តីសង្ឃឹមរបស់គ្រួសារ និងជាអ្នករកលុយចិញ្ចឹមប្អូនៗ និងរូបគាត់ ទើបគាត់បានសម្រេចចិត្ត ទៅចង់ការប្រាក់ពីគេ ចំនួន២០០០ដុល្លារ ឲ្យទៅលោកអធិការរងខាងលើនេះ។
ស្រ្ដីឈ្មោះ អៀង តឿ បានបញ្ជាក់ថា លោកអធិការរងខាងលើកនេះ បានសន្យាថា ត្រឹមតែរយៈពេល១០ថ្ងៃ ទៅ១ខែ ត្រូវបានដោះលែងឲ្យមានសេរីភាព តែរហូតដល់រយៈពេលជាង ៥ខែហើយ មិនឃើញកូនប្រុសចេញពីពន្ធនាគារនៅឡើយទេ។
លោក អ៊ិត នាថ អធិការរងក្រុងសិរីសោភ័ណ បានប្រាប់តាមរយៈទូរស័ព្ទថា ករណីខាងលើនេះ ខ្ញុំមិនដឹងទេ រឿងនោះគឺខ្ញុំកំពុងធ្វើការងារ ខ្ញុំជាប់រវល់ ហើយក៏បិតទូរស័ព្ទតែម្តង៕