(សៀមរាប)៖ អ្នកមីង សោម ស៊ាប អាយុ​៥៤ឆ្នាំ ជាស្ត្រីមេម៉ាយ ទុរគតជន មានជំងឺគមខ្នង រួមទាំងពិការជើង ដែលគ្មាន កូនចៅ រស់នៅអាស្រ័យដោយបងប្អូនប្រជាពលរដ្ឋជិត​ ស្ថិតនៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ត្រូវបានទទួលផ្ទះមនុស្សធម៌ទី១៦ និងទី១៧ ជូនអ្នកមីង សា ទុន ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានទំហំ ៤ម៉ែត្រ គុណ​៥ម៉ែត្រ សង់ពីឈើ តម្កល់លើជើងតាង កម្ពស់ពីដី១,៨០ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ  ជញ្ជាំងក្ដារ​។

ពិធីនេះ ត្រូវបានធ្វើការប្រគល់ក្រោមវត្តមាន លោកស្រី គួយ ណាលីន ឃឹម​ប៊ុន សុង អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត លោកស្រី ទោម ចន្ថា នូ ផល្លា ​សមាជិកាកិត្តិយសកាកបាទក្រហមកម្ពុជាខេត្ត និងសហការី នៅ​ព្រឹកថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ២០១៧​។

​​លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានបញ្ជាក់ថា អ្នកមីង គឺជាស្ត្រីមេម៉ាយ និងមានជំងឹគមខ្នង ​និងពិការជើង រស់នៅម្នាក់ឯង ប្រកបរបរត្បាញកន្ទេលស្លឹករំចេក ដោយឃើញលំនៅដ្ឋានទ្រុឌទ្រោម ធ្លុះធ្លាយមិនអាចរស់នៅ បាននោះ ក្រោមការយកចិត្តទុកដាក់របស់អាជ្ញាធរឃុំ ស្រុក សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានសាងសង់ផ្តល់ផ្ទះមនុស្សធម៌ ជូនដល់គាត់ឲ្យបានស្នាក់នៅបានសមរម្យ ​ហើយក៏ជាផ្ទះទី១៦ របស់សាខាកាកបាទក្រហមខេត្ត ដែលសាងសង់អស់ថវិកាសរុប១,២០០ដុល្លា ជាអំណោយរបស់លោក​ស្រី ​អ៊ាន សុខា និង​ក្រុមគ្រួសារ​​ ដោយឡែកផ្ទះមនុស្សធម៌ទី១៧ របស់កាកបាទក្រហមកម្ពុជា។

​លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ក៏បាន​នាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ​។

លោកស្រី​បន្តថា ដោយមើលឃើញពីទុក្ខលំបាករបស់អ្នកមីង ទើបសាខាកាកបាទក្រហម​កម្ពុជាខេត្តសៀមរាប បានសម្រេចសាងសង់ផ្ទះមួយខ្នងជូនអ្នកមីង សោម ស៊ាប នាពេលនេះ ក្រោមការជួយឧបត្ថម្ភ របស់លោក​ស្រី ​អ៊ាន សុខា និងក្រុមគ្រួសារ ជាសប្បុរសជនក្នុងខេត្ត ហើយក៏ជាការបង្ហាញ នូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលបានលើកឡើងថា កាក បាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ហើយទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហម​កម្ពុជា​។

លោកស្រី ​បាន​សំណូមពរដល់អ្នកមីង សូមថែរក្សាសុខភាពខ្លួន ព្រមទាំងធ្វើការដាំដុះដំណាំរួមផំ្ស ចិញ្ចឹមសត្វ ក្នុងការទ្រទ្រង់ជីវភាពក្នុងក្រុមគ្រួសារផងដែរ​។ ម៉្យាងទៀត ត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំពីសុខសុវត្ថិភាព ក្នុងក្រុមគ្រួសារ នៅពេលដែល មានភ្លៀង ខ្យល់ ផ្គរន្ទះ ត្រូវរត់រកទីកន្លែងមានសុវត្ថិភាព ក្នុងការការពារនូវអាយុជីវិតរបស់ខ្លួន និងក្រុមគ្រួសារ និង​មិនត្រូវប្រើប្រាស់គ្រឿងអេឡិចត្រូនិច នៅតាមទីវាល ក្រោម​ដើមឈើ ដែលបង្កឲ្យមានការចម្លងចរន្ត ពីព្រោះថានៅដើមរដូវវស្សានេះ នាពេលរាល់ឆ្នាំបងប្អូនប្រជាពលរដ្ឋ តែងតែជួបនូវឧបទ្ទេវហេតុនេះ នៅគ្រប់ទីកន្លែង ហើយទាំងនេះក៏ដោយការបម្រែបម្រួលអាកាសធាតុផងដែរ​។

ក្នុងនោះ អំណោយសង្កត់ផ្ទះ អង្ករ៥០គីឡូក្រាម ឃីត១កញ្ចប់ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ កន្ទេល១ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺនរៀល៕