(ភ្នំពេញ)៖ អ្នកកាសែតជើងចាស់ លោក សាំង សុឥន្ទរិទ្ធ បម្រើការនៅកាសែត The Cambodia Daily ហើយត្រូវបានឈប់ពីការងារដោយសារ លោកធ្លាក់ខ្លួនឈឺនោះ បានសម្ដែងនូវការអស់សង្ឃឹម បន្ទាប់ពីស្ថាប័នព័ត៌មានមួយនេះ មើលរំលងរូបលោកនៅពេលដែលកំពុងមានជំងឺពោលគឺមិនជួយ ថែមទាំរូបលោកហើយ ថែមទាំងកាត់ប្រាក់ខែជាបន្ដបន្ទាប់។
ប៉ុន្ដែទោះបីជារូបលោកធ្លាក់ ក្នុងស្ថានភាពបែបណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា បានមិនមើលរំលងរូបលោកនោះទេ គឺសម្ដេចបានឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ ដើម្បីឲ្យលោក យកទៅព្យាបាលជំងឺទឹកនោមផ្អែម និងចិញ្ចឹមកូនបន្ដទៀត។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ ខណៈដែលលោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មាន កម្ពុជា ប្រគល់ថវិកាអំណោយរបស់សម្ដេចជូន យ៉ាងដូច្នេះថា «ខ្ញុំធ្វើការឲ្យបរទេស ធ្វើការមួយខែរស់មួយខែ ហើយនៅពេលដែលខ្ញុំឈឺគេ កាត់ប្រាក់ខែខ្ញុំទៀត ដោយសារយើងមិនមានកម្លាំងពលកម្មឲ្យគេ»។
ក្រោយមានរឿងអកុសលនេះកើតឡើង លោក សាំង សុឥន្ទរិទ្ធ បានដាក់ពាក្យបណ្ដឹងទៅក្រសួងការងារ ដើម្បីឲ្យក្រសួងជួយអន្ដរាគមន៍ រកយុត្តិធម៌ជូនលោក ព្រោះតែរូបលោកទទួលភាពអយុត្តិធម៌ ពីស្ថាប័នសារព័ត៌មានអន្ដរជាតិ The Cambodia Daily។ ពាក់ព័ន្ធរឿងនេះ លោកលើកឡើងថា «ខ្ញុំបានប្ដឹងកាសែត The Cambodia Daily ទៅក្រសួងការងារ ហើយក្រសួងបានកាត់ឲ្យខ្ញុំឈ្នះ ប៉ុន្ដែខាង Daily គេថាយកទៅពិចារណា ហើយដើម្បីដំណើរការទៅមុខទៀត ខ្ញុំបានប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែឧសភានេះ»។
ជាមួយនឹងការផ្ដល់នូវថវិកាពីប្រមុខដឹកនាំកម្ពុជា លោក សាំង សុឥន្ទរិទ្ធ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេចទាំង២ ដោយសម្ដេចមិនដែលប្រកាន់ពីនិន្នាការនយោបាយអ្វីទាំងអស់ បើទោះបីជារូបលោក បានបម្រើការងារឲ្យជនបរទេស ហើយធ្លាប់រិះគន់រាជរដ្ឋាភិបាល ក៏ដោយ ក៏សម្ដេចមិនដែលមើលរំលងដែរ ហើយសូមឲ្យសម្ដេចជោគជ័យ ក្នុងការបន្ដដឹកនាំប្រទេស។
ជាមូយគ្នានោះ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មាន បានថ្លែងថា «ថ្ងៃនេះធ្វើឲ្យយើងនឹកឃើញថា មេដឹកនាំដែលនៅកំពូល បានលំឱនកាយ ចិត្ត ផ្ដល់ការអាណិតចំពោះអ្នកកាសែត មិនថាតែអ្នកកាសែតធ្វើការនៅកន្លែងណាដោយគ្មានការរើសអើង ហើយក្នុងនាមខ្ញុំធ្វើការនៅ សហព័ន្ធ មានការត្រេកអរពន់ពេក ហើយនឹងការគោរពដល់វិសាលភាពនៃទឹកចិត្តដល់ធំធេងរបស់សម្ដេច»។
បន្ថែមពីនេះលោក ហ៊ុយ វណ្ណៈ បានបញ្ជាក់ថា «ការសណ្ដោសប្រណីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យលោកនឹកឃើញថា ទោះបីជាធ្វើការនៅ ស្ថាប័នអ្នកណាក៏ដោយ កន្លែងណាក៏ដោយ តែនៅទីបំផុតនៅតែមើលឃើញថា ខ្មែរជួយខ្មែរ នេះឆ្លុះបញ្ជាំងថា ជាអ្នកនយោបាយក៏ដោយ អង្គការសង្គម ស៊ីវិលក៏ដោយ អ្នកវិភាគក៏ដោយ អ្នកកាសែតក៏ដោយ ពេលខ្លះធ្វើការឲ្យខ្មែរ ពេលខ្លះធ្វើការឲ្យបរទេស នៅពេលដែលមានទុក្ខមានតែខ្មែរប៉ុណ្ណោះ ដែលជួយខ្មែរ»។
យ៉ាងណាមិញ លោក កៃ គឹមសុង និពន្ធនាយកកាសែត Phnom Penh Post បានបញ្ជាក់នៅលើ Facebook ផងដែរថា «វាសនាអ្នកកាសែតធ្វើ ជាមួយបរទេស មិនខុសពីអំពៅទេ កាលណា គេកៀបអស់ទឹកផ្អែមហើយ គេនឹងត្រូវបោះចូលធុង សម្រាមហើយ។ ប៉ុន្ដែខ្មែរយើង ឃើញមានទុក្ខនាំគ្នាជួយសង្គ្រោះ។ នេះជាចិត្តខ្មែរតាំងពីដើម»៕