(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋជិត៣ពាន់នាក់ រស់នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានសម្ដែងការរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោកចុះជួយពិនិត្យ និងព្យាបាលជំងឺជូនពួកគាត់ ដោយឥតគិតថ្លៃ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ប្រមាណ២៧៩នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ បាននាំអំណោយថ្នាំពេទ្យចុះ​​ ទៅពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ​ចំនួន២៧៦៣នាក់ ដោយក្នុងនោះជំងឺកុមារចំនួន៣២៧នាក់, ជំងឺស្ត្រី១៧៦នាក់, ជំងឺផ្លូវដង្ហើម៨៩នាក់, ជំងឺផ្លូវចិត្ត១៩២នាក់, ជំងឺឬសដូងបាត២១៩នាក់, ជំងឺទឹកនោមផ្អែម២៩៥នាក់, ជំងឺមាត់ធ្មេញ៣២០នាក់, ជំងឺរលាកទងសួត១០២, អេកូសាស្រ្ដចំនួន២៥១នាក់, ជំងឺទូទៅចំនួន៥៥៧នាក់, ជំងឺរាគចំនួន៣៩នាក់, ជំងឺសើស្បែកចំនួន១៩៦នាក់។

លោក កែវ វង្ស ប្រជាពលរដ្ឋដែលរស់នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹង «ថ្ងៃនេះខ្ញុំរីករាយ ខ្លាំងណាស់ដែលក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានីបានចុះមកពិនិត្យព្យាលបាល ដល់ពួកយើងក្នុងស្រុកផ្ទាល់ ហើយខ្ញុំពិតជាគ្មានអ្វីថ្លែងអំណរគុណដ៏ពិសេស ពិសាលនេះក្រៅពីម្រាមដៃដប់ប្រណម ដល់ទេវតាឆ្នាំថ្មី សូមជួយថែរក្សាបីបាច់ ក្រុមគ្រូសារឯកឧត្តមហ៊ុន ម៉ានី ឲ្យជួប​តែពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ គម្បីឃ្លានឃ្លាតឡើយ»

លោកបានបន្ដទៀតថា «ខ្ញុំសូមស្នើឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ‌ឯកឧត្តមហ៊ុន ម៉ានី ឲ្យចុះមកជួយព្យាលបាលប្រជាពលរដ្ឋឲ្យបានញឹក​ញាប់បំផុត»

អ្នកស្រី សយ មឿន ប្រជាពលរដ្ឋក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺបានថ្លែងឲ្យដឹងដែរថា «ការចុះមកជួយរបស់ឯកឧត្តម ហ៊ុន ម៉ានី នេះ​គឺពិតជាបានចូលរួម ចំណែក កាត់បន្ថយថវិការខ្ញុំ ក៏ដូចជា អ្នកភូមិទាំងមូល ព្រោះថាខ្ញុំឈឺច្រើន ហើយមិនមានពេលទៅពិនិត្យ​សុខភាពបានទៀតទាត់ ដូច្នេះការចុះមកជួយនេះគឺបានជួយកាត់បន្ថយ ពេលវេលារបស់ខ្ញុំបានយ៉ាងច្រើន»

អ្នកស្រីបន្ដទៀតថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ហ៊ុន ម៉ានី  និងក្រុមការងារទាំងមូលដែលបាន​ចំណាយពេលវេលា មកជួយព្យាលបានអ្នកស្រុកនេះ ខ្ញុំសូមឲ្យក្រុមគ្រូពេទ្យឯកឧត្តម ហ៊ុន ម៉ានី ចុះមកពិនិត្យព្យាលបាលដល់ប្រជា​ពលរដ្ឋឲ្យបានញឹកញាប់បំផុត និងសូមឲ្យក្រុមការងារឯកឧត្តម ហ៊ុន ម៉ានី ជួបប្រទះតែសេចក្ដីសុខ និងសេចក្ដីសប្បាយតរៀងទៅ»

សូមបញ្ជាក់ថារយៈពេល៥៣ខែ ឈានចូលឆ្នាំទី០៥ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន១៧៦៥នាក់ ចុះពិនិត្យនិងព្យាល​បាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន៧៣លើក ក្នុងនោះព្យាលបាលជូន​ប្រជាពលរដ្ឋបានចំនួន៩៩៧១៦នាក់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១២ រហូតដល់ថ្ងៃទី​១០ ខែឧសភា ឆ្នាំ២០១៧៕

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ
និងសង្គមជាតិ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាល​តាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យ​ពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាម​គោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។

ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់បែបនេះ គឺដោយសារ​មានការ ចង្អុលបង្ហាញពី លោក ហ៊ុន​ ម៉ានី តំណាងរាស្ត្រនៃកម្ពុជា៕