(ព្រៃវែង)៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ មានហេតុការណ៍ខ្យល់កន្រ្តាក់មួយប្រាវ បានបណ្តាលឲ្យ ដួលរលំវេទិកា ត្រៀមសម្រាប់ពិធីច្រត់ព្រះនង្គ័ល ដែលបានរៀបចំឡើងនៅក្នុងសាកលវិទ្យាល័យ ជាស៊ីមកំចាយមារ ស្ថិតនៅខេត្តព្រៃវែង។
លោក អៀង ជេដ្ឋ ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានឲ្យដឹងថា ហេតុការណ៍ខ្យល់កន្រ្តាក់នេះ បានកើតឡើងនាវេលាម៉ោង៣៖៥០នាទី រ ដោយមានភ្លៀងលាយទ្បំ និងខ្យល់កន្រាក់បានធ្វើឲ្យស្តង់តាំង ពិពណ៌កម្មវិធីច្រត់ព្រះនង្គ័ល មួយកាត់ខាងជើវេទិកាត្រូវដួលរលំ។
លោកថា ក្រោយមានហេតុការណ៍នេះ កើតឡើងគណៈកម្មាធិការរៀបចំបុណ្យជាតិ បានដឹកនាំកម្លាំងជួយអន្តរាកមន៍ និងសាងសង់វេទិកានេះ ជាថ្មី និងបានជួយរៀបចំសំភារៈខូចខាតមួយចំនួនទៀត ឲ្យវិលត្រឡប់មកសភាពការណ៍ធម្មតាវិញ។
លោក អៀង ជេជ្ឋ បានឲ្យដឹងថា ពិធីច្រត់ព្រះនង្គ័ល នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងខេត្តព្រៃវែង ដោយមានការយាងចូលរួមពីព្រះករុណា ព្រះបាទបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ហើយអភិបាលខេត្តព្រៃវែង លោក ជា សុមេធី និងលោកស្រី នឹងត្រូវឲ្យធ្វើជាស្តេចមាឃ និងព្រះមេហួ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័លកាលពីឆ្នាំមុន ប្រារព្ធឡើង នៅទីលានជល់ដំរី មុខប្រាសាទអង្គរធំ ខេត្តសៀមរាប នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦។ ព្រះរាជពិធីបុណ្យប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើល ប្រផ្នូល របស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែល ពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ៕