(សិង្ហបុរី)៖ លោកអនុនាវីឯក ម៉ៅ សុវណ្ណដា នាយនាវីប្រចាំការព័ត៌មានសន្តិសុខលំហសមុទ្រ របស់កម្ពុជា នៅមជ្ឈមណ្ឌល IFC ប្រទេសសិង្ហបុរី បានឲ្យដឹងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះថា មានជនជាតិខ្មែរម្នាក់ បានលោតចេញពីទូកនេសាទថៃ ដើម្បីគេចពីការសម្លាប់ពីអ្នកនៅលើទូកនោះ ហើយហែលទឹកសមុទ្រដោយប្រើធុងស្ពេត្រូតែមួយគត់ ឆ្លងចូលដែនទឹក នៃប្រទេសម៉ាឡេស៊ី តែសំណាងណាស់ ព្រោះបានកងទ័ពជើងទឹកព្រុយណេ ជួយសង្គ្រោះទាន់ពេលវេលាពេលធ្វើដំណើរឆ្លងកាត់។

អនុនាវីឯក ម៉ៅ សុវណ្ណដា បានថ្លែងថា កាលដែលបានជួយសង្គ្រោះពលរដ្ឋខ្មែររងគ្រោះម្នាក់នេះបាន ដោយនាវាកងទ័ពជើងទឹកព្រុយណេ ខណៈកំពុងធ្វើដំណើរឆ្ពោះមកប្រទេសសិង្ហបុរី ដោយឆ្លងកាត់ដែនទឹកប្រទេសម៉ាឡេស៊ី នៅចំណុច Lat 540.178N Long 111 16.866E ភាគពាយ័ព្យនៃកោះ Sarawak ប្រមាណ១៧៥គីឡូម៉ែត្រ ទើបឃើញមានមនុស្សអណ្តែតនៅលើទឹកសមុទ្រដ៏ធំល្វឹងល្វើយ ហើយក៏បានជួយសង្គ្រោះបាន ដឹកបញ្ជូនទៅប្រទេសសិង្ហបុរីជាមួយតែម្ដង។

ពលរដ្ឋខ្មែរដ៏កំសត់ម្នាក់នោះ មានឈ្មោះ វឿន វ៉ុន អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅស្រុកពួក ខេត្តសៀមរាប បានទៅធ្វើការនៅទូកនេសាទមួយ មានឈ្មោះ ថាឡេថង១ ជារបស់ក្រុមហ៊ុនមួយនៅប្រទេសថៃ។

លោក សុវណ្ណដា បានបន្តថា បានជាបុរសខាងលើ ដាច់ចិត្តហ៊ានលោតចោលទូកនេសាទចូលទឹកសមុទ្រ នាពេលនោះ ដោយសារពួកអ្នកធ្វើការ លើទូកជាមួយគ្នានោះ បានព្យាយាមដេញចាក់សម្លាប់គាត់លើទូក គាត់ក៏ដាច់ចិត្តលោតចូលទឹកសមុទ្រ ជាមួយធុងស្ពេត្រូនោះតែម្ដងទៅ ហើយបានហែលទឹកសមុទ្រពីកន្លែងទូកនោះ ទៅដល់ព្រំដែនទឹកប្រទេសម៉ាឡេស៊ី។

លោកអនុនាវី ម៉ៅ សុវណ្ណដា បានបញ្ជាក់ថា បច្ចុប្បន្ន ពលរដ្ឋឈ្មោះ វឿន វ៉ុន នេះ មានសុវត្ថិភាពឡើងវិញហើយ ពោលកំពុងស្ថិតក្នុងការមើលថែ របស់ក្រុមនាវិក នៃប្រទេសព្រុយណេ ហើយនឹងចូលចតនៅមូលដ្ឋានកងនាវាប្រទេសសិង្ហបុរី នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះហើយ។

ជាមួយគ្នានេះ នាយនាវី ម៉ៅ សុវណ្ណដា រួមជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសិង្ហបុរី ក៏កំពុងដុតដៃដុងជើងទំនាក់ទំនង សុំកិច្ចអន្តរាគមន៍ជាមួយអាជ្ញាធ