(ពោធិ៍សាត់)៖ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកវាលវែង បានចុះប្រតិបត្តិធ្វើការឃាត់រថយន្តដឹកឈើ១គ្រឿង ឃាត់ខ្លួនបានជនសង្ស័យម្នាក់ (ជាព្រូរថយន្ត) និងដកហូតបានប្រភេទឈើធ្នង់ចំនួន១០៣ដុំ ស្មើនឹង១,៩៣០ម៉ែត្រគូប​​​ នៅចំណុចលេខ (37971.62942) តក់ឡក់ ភូមិស្ទឹងថ្មី  ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ការចុះឃាត់រថយន្ដដឹកឈើខាងលើនេះដឹកនាំដោយលោកវរសេនីយ៍ត្រី ពុធ ប៊ុនឈឿន មេបញ្ជាការមូលដ្ឋានអាវុធហត្ថ ស្រុកវាលវែង សហការជាមួយកម្លាំង អាវុធហត្ថលើផ្ទៃប្រទេស ប្រើប្រាស់កម្លាំងចំនួន០៣នាក់ រថយន្តចំនួន១គ្រឿង វិទ្យុទាក់ទងចំនួន២គ្រឿង និងអាវុធចំនួន៣ដើម។

មន្រ្តីអាវុធហត្ថស្រុកវាលវែង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុ​ វណ្ណថន អាយុ៤២ឆ្នាំ ជាព្រូរថយន្ត ចំណែកឯរថយន្តខាងលើ ម៉ាកតូយ៉ូតា(ឆ្នៃ) ពណ៌ស ចង្កូតឆ្វេង ពាក់ស្លាកលេខ ភ្នំពេញ 2E-7536។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើប្រម៉ោយ ​ចាត់តាមនិតិវិធី៕