(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការអនុវត្តនូវនយោបាយប្រជាភិថុតិ និងរបៀបបញ្ញើក្អែក របស់បក្សប្រឆាំង នឹងគ្មានឱកាសដឹកនាំប្រទេសនោះឡើយ ហើយផ្ទុយមកវិញមានតែគោលនយោបាយ របស់គណបក្សប្រជាជនទេ ដែលធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើន និងការពារសន្តិភាពជូនពលរដ្ឋខ្មែរ។
ក្នុងពិធីអបអរសាទរខួប១០ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេល បច្ចុប្បន្ននេះមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ប្រឹងប្រែងដើម្បីសុខសន្តិភាព និងដើម្បីការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ខណៈគណបក្ស នយោបាយខ្លះបែរជាប្រឹងប្រែងរាំងខ្ទប់ នូវការរីកចម្រើនរបស់ជាតិ និងបានធ្វើសកម្មភាពនាំភ្លើងសង្រ្គាមទៅវិញ។
នាយករដ្ឋមន្ដ្រីនៃកម្ពុជា បញ្ជាក់យ៉ាងដូច្នេះថា៖ «មានតែគណបក្សប្រជាជនមួយគត់ ដែលបានកសាងសន្ដិភាព និងអភិវឌ្ឍន៍ឲ្យមានការរីកចម្រើន រហូតសព្វថ្ងៃ គណបក្សដទៃ ក្រៅពីការបំផ្លាញក្នុងដំណាក់កាល នៃការរស់រានឡើងវិញរបស់ប្រជាជន ក្រោយពេលរំដោះពីរបប ប៉ុល ពត ពួកគេបានរួមដៃគ្នា ដើម្បីប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជន ក្រោយមកពេលដែលយើងកសាងប្រទេស ជាពេលដែលទៅសុំបរទេសឲ្យទៅផ្ដាច់ជំនួយ គេទៅសុំបរទេស កុំឲ្យមកវិនិយោគនៅកម្ពុជា គេក៏ទៅសុំបរទេសកុំឲ្យបញ្ជាទិញទំនិញពីកម្ពុជា»។
ពាក់ព័ន្ធនឹងចំណុចនេះ សម្ដេចតេជោ បានចោទជាសំណួរយ៉ាងដូច្នេះថា៖ «តើនេះឬជាការកសាងជាតិ»។ សម្ដេចតេជោថ្លែងថា «ការបំផ្លិចបំផ្លាញរបស់ ពួកគេ វាគ្រប់គ្រាន់ដើម្បីឲ្យយើងយល់ថា ប្រសិនបើគណបក្សប្រជាជន មិនខិតខំ និងមិនបន្ដការអំណាច គ្រោះថ្នាក់នឹងមកដល់សារជាថ្មី។ សព្វថ្ងៃនេះ អ្នកណាក៏ដោយឲ្យតែស្រលាញ់ និងបោះឆ្នោតឲ្យគណបក្សប្រជាជន សុទ្ធតែជាអាយ៉ង និងជនក្បត់ជាតិ ដែលនេះជាការប្រមាថដ៏ធំ ចំពោះអ្នកបោះឆ្នោត ឲ្យគណបក្សប្រជាជន ដែលមានចំនួនច្រើនលើសលប់ ហើយជាអ្នកដែលឈ្នះឆ្នោតជាបន្ដបន្ទាប់»។
យ៉ាងណាមិញ សម្ដេចបានលើកឡើងថា អ្វីដែលរាជរដ្ឋាភិបាលបានសម្រេចកន្លងមក ក្រុមបក្សប្រឆាំងមិនដែលចូលរួមត្រេកអរទេ មិនថាតែរឿងតម្លើងប្រាក់ បៀវត្សដល់មន្ដ្រីនោះទេ ថែមទាំងរឿងកីឡាថែមទៀតផង ដែលចំណុចទាំងនេះហើយសម្ដេច បានស្នើឲ្យប្រជាជនពិនិត្យឲ្យបានច្បាស់ ពីចរិករបស់ក្រុមគណបក្សប្រឆាំង៕
សូមស្តាប់ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន៖