រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បន្តបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែទៀត ប្រវែង៣៧៦ម៉ែត្រ ទទឹង៥ម៉ែត្រ នៅភូមិប៉ប្រកត្បូង សង្កាត់កាកាប ជូនប្រជាពលរដ្ឋប្រើប្រាស់
10-05-2017 15:53
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ បានបន្តបើកការដ្ឋានជួលជុលផ្លូវបេតុងឆ្អឹងដែក១ខ្សែទៀត ដែលមានប្រវែង៣៧៦ម៉ែត្រ ទទឹង៥ម៉ែត្រ ស្មើនឹង១,៨៨០ម៉ែតក្រឡា និងដាក់ប្រព័ន្ធលូរប្រវែង១២១ម៉ែត្រ មុខ៦ទឹក តភ្ជាប់ពីផ្លូវ២០០៤ មកចូលក្នុងភូមិតែម្តង ស្ថិតក្នុងភូមិប៉ប្រកត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ការបើកការដ្ឋានស្ថាបនាផ្លូវបេតុងនេះ ធ្វើឡើងក្រោមវត្តមាន លោក ក្រូច ផាន ប្រធានក្រុមព្រឹក្សាខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិអភិបាល ខណ្ឌពោធិ៍សែនជ័យ និងលោក លោកស្រី ជាអភិបាលរង អធិការខណ្ឌមេបញ្ជាការ កងរាជអាវុធហត្ថខណ្ឌ នាយករងរដ្ឋបាលខណ្ឌ លោក លោកស្រីប្រធាន និងអនុប្រធានការិយាល័យ ជុំវិញខណ្ឌ លោក លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង សមាជិកក្រុមព្រឹក្សាសង្កាត់ លោក លោកស្រីមេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។
លោក ហែម ដារិទ្ធិ បានឲ្យដឹងថា ផ្លូវបេតុងឆ្អឹងដែកដែលស្ថាបនា នាពេលនេះ គឺគំរោងអភិវឌ្ឍន៍ ដែលប្រើប្រាស់ថវិការបស់សាលាខណ្ឌ តាមស្ថានភាពបច្ចុប្បន្នហេដ្ឋារចនាសម្ព័នប្រព័ន្ធផ្លូវលូ និងប្រឡាយជាដើម ដែលមានការខូចខាតដើម្បីឆ្លើយតប ទៅនឹងប្រសាសាន៍របស់ថ្នាក់ដឹកនាំលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ យ៉ាងយកចិត្តទុកដាក់ លើការងាររៀបចំប្រព័ន្ធលូប្រឡាយអណ្តូងជួសជុលផ្លូវនិងបញ្ហាសំរាម។
លោក ហែម ដារិទ្ធិ បានបន្តថា ជាក់ស្តែងក្នុងឆ្នាំ២០១៧នេះ មានគំរោងអភិវឌ្ឍន៍ចំនួន៧សង្កាត់ គឺសង្កាត់កាកាប, សង្កាត់ចោមចៅ, សង្កាត់ត្រពាំងក្រសាំង, សង្កាត់ភ្លើងឆេះរទេះ, សង្កាត់ស្នោរ, សង្កាត់បឹងធំ និងសង្កាត់សំរោង ក្រោមក្នុងផែនការអភិវឌ្ឍន៍មូលដ្ឋានរហូតលេចចេញជារូបរាង៕