(ភ្នំពេញ)៖ កម្មវិធី​អភិវឌ្ឍ​អង្គការ​សហប្រជាជាតិ (UNDP) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ បានចូលរួមរំលែកទុក្ខចំពោះ មរណភាព របស់ទាហានមួកខៀវកម្ពុជា៤រូប ដែលបានស្លាប់ ក្រោយការវាយប្រហារនៅប្រទេសអាហ្រ្វិកកណ្តាល កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧។

នៅលើទំព័រ Facebook របស់ UNDP បានបញ្ជាក់ថា «យូអិនឌីភី សូមសម្តែងទុក្ខដ៏ក្រៀមក្រំបំផុតចំពោះ ការបាត់បង់ជីវិត ដ៏គួរឲ្យសង្វេគនៃវីរៈជនការពារសន្តិភាពខ្មែរទាំង៤នាក់ ដែលត្រូវបានសម្លាប់កាលពីយប់ម្សិលមិញក្នុង បេសកកម្មនាភាគខាងត្បូង នៃសាធារណៈរដ្ឋអាហ្រិកកណ្តាល។ យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយនឹងប្រជាជនកម្ពុជាទាំងអស់ ជាពិសេសសហការី មិត្តភក្តិ និងក្រុមគ្រួសារនៃសព»

សូមបញ្ជាក់ថា នៅយប់រំលងអាធ្រាត្រ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ មានការវាយប្រហារ ដោយក្រុមឧទ្ទាមទៅលើក្បួនយុទ្ធ ដំណើររបស់កម្លាំង Minusca របស់អង្គការសហប្រជាជាតិ បណ្តាលឱ្យកម្លាំងកម្ពុជាម្នាក់ស្លាប់ភ្លាមៗ ម្នាក់រងរបួស និងបាត់ខ្លួន៣នាក់។ ប៉ុន្តែពេលនេះអ្នកដែលបាត់ខ្លួនទាំងនោះបានស្លាប់ហើយ។ សពរបស់ពួកគាត់ត្រូវបានរកឃើញនៅប្រមាណ២គីឡូម៉ែត្រ ពីកន្លែង កើតហេតុ (ចំនួនអ្នកស្លាប់ទាំងអស់៤នាក់ មុនម្នាក់ ក្រោយ៣នាក់)។

បើតាមសេចក្តីប្រកាសក្រសួងការពារជាតិ បានឱ្យដឹងថា ទាហានមួកខៀវកម្ពុជា ៤រូប ដែលទទួលមរណភាព រួមមាន៖ លោកពល បាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិកបើកបរប៊ុលដូស៊ែរ, លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និង លោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យផងដែរ៕