(ភ្នំពេញ)៖ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង (Golden FX Link) បានចុះហត្ថលេខាជាផ្លូវការ ទទួលស្គាល់ក្រុមហ៊ុន Richwill Japan ជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទរបស់ខ្លួន ខណៈដែលក្រុមហ៊ុនទាំងពីរប្ដេជ្ញាលើកកម្ពស់ការវិនិយោគ
លើឧបករណ៍និស្សន្ទនៅកម្ពុជា ឲ្យត្រឹមត្រូវតាមច្បាប់បញ្ញាត្តិ ស្ដង់ដារ និងតម្លាភាព។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅក្រោមការចូលរួមពីសំណាក់លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជាលោក សុខ ដារ៉ា អគ្គនាយករងគណៈកម្មការមូលបត្រកម្ពុជា លោកបណ្ឌិត វិន ភក្ដី ប្រធាននាយកដ្ឋានត្រួតពិនិត្យអន្ដរការីមូលបត្រលោក Lawrence Kook នាយកក្រុមហ៊ុន Golden FX Link លោក Fumio Shibuya នាយកគ្រប់គ្រងក្រុមហ៊ុន Richwill Japan រួមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុនទាំងពីរ ក៏ដូចជា ភ្ញៀវកិត្តិយសជាច្រើនរូបទៀត នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧។
Golden FX Link ជាក្រុមហ៊ុនឈ្មួញជើងសារ ដែលផ្ដល់នូវអត្ថប្រយោជន៍ ពិសេសៗ រួមមានការគាំទ្រទាំងស្រុងក្នុង
ដំណើរការស្នើសុំអាជ្ញាបណ្ណពីគណៈកម្មការមូលបត្រកម្ពុជា ឲ្យបានឆាប់រហ័ស ការថែទាំកម្មវិធីជួញដូរដ៏គួរអោយទុកចិត្ត (MT4) យុទ្ធសាស្រ្តក្នុងការគ្រប់គ្រងនិងប្រតិបត្តិការដ៏វៀងវៃ ការគ្រប់គ្រងហានិភ័យដ៏មានប្រសិទ្ធិភាព វគ្គបណ្ដុះបណ្ដាលល្អៗជាបន្តបន្ទាប់ និងអត្ថប្រយោជន៍គួរអោយកត់សម្គាល់ជាច្រើនទៀត។
លោក Fumio Shibuya បានថ្លែងឲ្យដឹងថា ការសហការមួយនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៅដល់អ្នកវិនិយោគ ហើយក្រុមហ៊ុន Golden FX Link គឺជាក្រុមហ៊ុនដែលមានដែលមានជំនាញច្បាស់លាស់ មានប្រវត្តិច្បាស់លាស់និងយូរអង្វែង រហូតទៅដល់៣៨ ឆ្នាំមកហើយក្នុងការផ្ដល់សេវាមួយនេះ។ នេះគឺជាទីផ្សារថ្មីមួយនៅកម្ពុជាតែទោះជា យ៉ាងណាយើងនិងព្យាយាមនាំយកបទពិសោធន៍ ឬជំនាញដែលមានមកជួយនៅទីផ្សារប្រទេសកម្ពុជា។
លោកបន្ដទៀតថា ក្រុមហ៊ុន Richwill Japan គឺជាក្រុម ហ៊ុនដែលមានធនធាន និងមានលក្ខណៈអន្ដរជាតិ និងជាក្រុមហ៊ុនដែល
ផ្ដល់អទិភាពក្នុងការបំរើសេវាកម្មដ៏ល្អបំផុតដល់អតិថិជនរបស់ខ្លួន។
កិច្ចសហប្រតិបត្តិការនេះ នឹងជួយអោយ Golden FX Link និងក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទរបស់ខ្លួន អាចការពារផលប្រយោជន៍ ព្រមទាំងធ្វើពិពិធកម្មជម្រើសក្នុងការវិនិយោគ និងបង្កើនផលចំណេញដល់វិនិយោគិន ដែលរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយសេដ្ឋកិច្ចកម្ពុជា ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។
សូមបញ្ជាក់ថាក្រុមហ៊ុន Golden FX Link បានក្លាយជាក្រុមហ៊ុនហិរញ្ញវត្ថុស្របច្បាប់ដំបូងគេបង្អស់នៅកម្ពុជានៅខែឧសភា ឆ្នាំ២០១៦ ហើយកំពុងឈានមុខគេលើទីផ្សារឧបករណ៍និស្សន្ទ ដោយបង្កើត និងជំរុញស្ដង់ដាអន្តរជាតិនៃការជួញដូរឧបករណ៍
និស្សន្ទ ដែលរួមបញ្ចូលការជួញដូរដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអេឡិចត្រូនិកនៃលោហៈធាតុមានតម្លៃ រូបិយប័ណ្ណបរទេស ប្រេង និងផលិតផលឧបករណ៍និស្សន្ទដទៃទៀត៕