(ព្រះសីហនុ)៖ ត្រីខកំប៉ុងហួសកាលបរិច្ឆេទប្រើប្រាស់ទម្ងន់ជិត១តោន ត្រូវបានមន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ ប្រចាំការនៅច្រកទ្វារ នាំចូលកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ធ្វើការដកហូត យកទៅកម្ទេចចោល នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ នៅទីលានចាក់សំរាម របស់ក្រុមហ៊ុន «ស៊ីនទ្រី» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនន់ ខេត្តព្រះសីហនុ។
លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូល ខេត្តព្រះសីហនុ តំណាងឲ្យលោក ម៉ាង ស៊ីណេត ប្រធានសាខា និងមន្ត្រីពាក់ព័ន្ធប្រចាំការនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បានឲ្យដឹងថា អនុវត្តតាមតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ឲ្យបង្កើនការប្រុងប្រយ័ត្ន នៅតាមមាត់ច្រកត្រួតពិនិត្យ ទប់ស្កាត់នូវការលំហូរចូល ទំនិញដែលខូចគុណភាព ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
ជាក់ស្តែងមន្ត្រីរបស់លោកបានធ្វើការ ដកហូតត្រីខកំប៉ុង ដែលហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន៨១០គីឡូក្រាម ដែលម្ចាស់នាំចូលពីប្រទេសកូរ៉េដើម្បីយកទៅផ្តល់ជូនមជ្ឈមណ្ឌលកុមារកំព្រា យកទៅដុតកម្ទេចចោលផងដែរ។
លោក ជួន មុនីរ័ត្ន តំណាងឲ្យសប្បុរសជន ដែលនាំចូលត្រីខកំប៉ុង បានថ្លែងថា ការពិតផលិតផលនេះ បានស្នើសុំសប្បុរសជន នៅប្រទេសកូរ៉េតាំងពី ខែវិច្ឆិកា ឆ្នាំ២០១៦ មកម្ល៉េះ ក៏ប៉ុន្តែមានការយឺតយ៉ាវក្នុងការរត់ឯកសារ និងការដឹកជញ្ជូននាំចូលទើប ធ្វើឲ្យទំនិញទាំងនេះហួសកាលបរិច្ឆេទ ប្រើប្រាស់តែម្តង ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ម្ចាស់ទំនិញដែលនាំចូលនេះមិនមានការជំទាស់អ្វីឡើយ ក្នុងការដកហូតយកទៅដុតកម្ទេចចោលនោះ។
លោក ជា ប៉ិច ក៏បានស្នើផងដែរ ដល់អាជីវករម្ចាស់ក្រុមហ៊ុននាំចូលទាំងអស់ ដែលនាំចូលទំនិញគ្រប់ប្រភេទ ពិសេសពាក់ព័ន្ធចំណីម្ហូបអាហារ ត្រូវប្រកាន់ភ្ជាប់តាមបទដ្ឋាន ឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ក្នុងករណីមន្ត្រីជំនាញរបស់លោកត្រួតពិនិត្យ ឃើញមិនប្រក្រតី និងធ្វើការដកហូតយក ទៅកម្ទេចចោល ហើយអ្នកនាំចូលក៏ប្រឈមមុខ ចំពោះមុខច្បាប់ផងដែរ៕