តំណាងរាស្រ្តបក្សប្រឆាំង ស្នើរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ជួបពិភាក្សាជាមួយសមភាគីថៃ ដើម្បីសម្រួលឲ្យពលករខ្មែរនៅថៃ អាចត្រឡប់មកបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់
10-05-2017 14:49
(ភ្នំពេញ)៖ តំណាងរាស្រ្តបក្សប្រឆាំង បានស្នើលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឲ្យជួបពិភាក្សាជាមួយ ក្រសួងការបរទេសថៃ ដើម្បីសម្រួលឲ្យពលករខ្មែរ ដែលបម្រើការងារ នៅប្រទេសថៃអាចត្រឡប់ មកបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ និងស្នើឲ្យមានការណែនាំ មន្រ្តីច្រកព្រំដែន ជួយសម្រួលការចូលមកបោះឆ្នោត របស់ពលករខ្មែរឲ្យបានងាយស្រួល និងឆាប់រហ័ស។ នេះបើយោងតាមលិខិតរបស់តំណាងរាស្រ្ត គណបក្សប្រឆាំងផ្ញើជូន លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន តាមរយៈប្រធានរដ្ឋសភា សម្តេចពញាចក្រី ហេង សំរិន ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ។
ការស្នើសុំរបស់តំណាងរាស្រ្ត គណបក្សប្រឆាំងនាពេលនេះ បានធ្វើឡើងបន្ទាប់ពី ក្រុមតំណាងរាស្រ្តគណបក្ស ទទួលបានរបាយការណ៍ ពី ពលករខ្មែរចំណាកស្រុក ជាច្រើន ដែលកំពុងធ្វើការការងារនៅប្រទេសថៃ កំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនដែលនឹងមិនអាច ធ្វើឲ្យពួកគាត់អាចទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់។
តំណាងរាស្រ្តគណបក្សប្រឆាំងថា បញ្ហាប្រឈមរបស់ពលករខ្មែរចំណាកស្រុក នៅប្រទេសថៃ ប្រសិនបើពុំមានការជួយធ្វើអន្តរាគមន៍ ដំណោះស្រាយជូនពួកគាត់ទាន់ ពេលវេលាទេនោះ ពួកគាត់នឹងត្រូវបានបាត់ឱកាស មកចូលរួមការបោះឆ្នោត នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧៕