(​ព្រៃវែង)៖ កម្លាំងអាវុធហត្ថខេត្តព្រៃវែង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ដកហូតបានម៉ូតូចំនួន២គ្រឿង និងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន២៥កញ្ចប់ រួមជាមួយសម្ភារមួយចំនួនទៀត នារសៀលថ្ងៃទី១០​​ ខែឧសភា ឆ្នាំ២០១៧ នៅចំនុចផ្លូវជាតិលេខ១១ ភូមិតាកោ ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។

ការចុះប្រតិបត្តិការខាងលើនេះ ដោយបានទទួលបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន មេបញ្ជាការខេត្ត, លោកវរសេនីយ៍ឯក ឈួន ​គឹមសាន មេបញ្ជាការរង និងជានាយសេនាធិការ បានបញ្ជាកម្លាំងជំនាញ មន្ទីរយុត្តិធម៌ចំនួន០៧នាក់ រថយន្ដ០១គ្រឿង ម៉ូតូ០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក ​គឹម ផានី មេបញ្ជាការរងទទួល ជំនាញចុះបង្គ្រាបបទល្មើស គ្រឿងញៀន។

មន្ទីរយុត្តិធម៌អាវុធហត្ថខេត្តព្រៃវែង បានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ ទី១៖ ឈ្មោះ ណុប ផានិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកុកត្រុំ ឃុំតាកោ ស្រុក​ពោធិ៍រៀង ខេត្ត​ព្រៃវែង ទី២៖ឈ្មោះ គា សុវណ្ណ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅឃុំជាមួយគ្នា។ ដកហូតបានវត្តុតាងរួមមាន៖ ម្សៅក្រាមពណ៌ស០២កញ្ចប់ ទម្ងន់ទាំងសំបកថង់០.២៥ក្រាម, ម៉ូតូ១គ្រឿង, ទូរ​ស័ព្ទ១គ្រឿង។

ក្រោយពីការស្ដាប់ចម្លើយជនសង្ស័យ២នាក់ខាងលើ កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំនុចភូមិកុកត្រុំ ឃុំតាកោ ស្រុក​ពោធិ៍រៀង ខេត្ត​ព្រៃវែង ឈ្មោះ​ ចាន់ ប្រុស ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឃុំខាងលើ និងដោយបានការសម្របសម្រួលពីលោក មាស សុភក្ដិ ព្រះរាជអាជ្ញាកម្លាំងជំនាញ បានធ្វើការឆែកឆេរ នៅផ្ទះឈ្មោះ ជុំ ខុន ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិឃុំខាងលើ ដកហូតបាន​វត្ថុ​តាង ម្សៅក្រាមពណ៌ស២៣កញ្ចប់ ទម្ងន់ទាំងសំបកថង់៦,០៧ក្រាម, ម៉ូតូ០,១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ និងវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួន និងយកទៅរក្សាទុកនៅទីបញ្ជាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕