(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីថា បើគណបក្សប្រជាជនកម្ពុជាមិនដឹកនាំប្រទេសទេនោះ សង្រ្គាមនៅ កម្ពុជា ប្រាកដជាកើតមានជាថ្មីនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខសន្តិភាព និងភាពសុខដុមរបស់កម្ពុជានាពេលបច្ចុប្បន្ន គឺបានកើត ចេញពីកម្ពុជាដោយខ្លួនឯង និងការលះបង់សាច់ស្រស់ឈាមស្រស់ របស់អតីតយុទ្ធជនកម្ពុជា មិនមានទេវតាមកប្រទានឲ្យ ឬប្រទេសណាមួយ ជាអ្នកផ្តល់ឲ្យនោះទេ។ សម្តេចនាយករដ្ឋមន្រ្តីបានអះអាងបន្ថែមថា សង្រ្គាមមិនមែនកើតចេញតែមកពីអាវុធនោះទេ តែក៏កើតចេញពីមាត់របស់អ្នកអប់រំ នយោបាយ នោះផងដែរ។
ការថ្លែងរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងខណៈសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១០ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ ដោយមានអ្នកចូលរួម សរុបជិត៣ពាន់នាក់។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យជនរួមជាតិទាំងអស់ចូលរួមរក្សាសុខសន្តិភាព ហើយប្រកាសថា មិនអនុញ្ញាតឲ្យនរណាម្នាក់មកបំផ្លាញសន្តិភាព កម្ពុជានោះទេ ហើយថា សង្រ្គាមមិនមែនកើតចេញតែមកពីអាវុធនោះទេ តែក៏អាចកើតចេញពីមាត់របស់អ្នកអប់រំនយោបាយនោះផងដែរ។ សម្តេចតេជោ មានប្រសាសន៍បន្ថែមថា ប្រសិនបើស្រឡាញ់សន្តិភាពមែន ត្រូវអប់រំអ្នកជើងក្រោមរបស់ខ្លួនកុំឲ្យជេរបញ្ចោទៅទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា អង្គការសហប្រជាជាតិ ដែលបានចាយរហូតប្រមាណពីរពាន់លានដុល្លារអាមេរិក មិនបានបិទបញ្ចប់ភ្លើង សង្រ្គាមឲ្យរលត់ទៅវិញនោះឡើយ តែភ្លើងសង្រ្គាមរបស់កម្ពុជាបានរលត់ទៅ ព្រោះតែយុទ្ធសាស្រ្តឈ្នះឈ្នះដែលជាយុទ្ធសាស្រ្តជាប្រវត្តិសាស្រ្ត ដាក់ចេញដោយ សម្តេចសម្តេចខ្លួនឯងផ្ទាល់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នមានមនុស្សខ្លះមិនដឹងថា កិច្ចចរចាសន្តិភាពទីក្រុងប៉ារីស មានប្រវត្តិយ៉ាងណាផង បែរជាប្រឹងយកមកនិយាយ ភូតភរកុហក បោកប្រាស់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក៏បានថ្លែងស្ញប់ស្ញែងផងដែរដល់អតីតយុទ្ធជនទាំងអស់ ដែលមិន ត្រឹមតែបានពលី កម្លាំងកាយ ញើសឈាម ដើម្បីបុព្វហេតុជាតិប៉ុណ្ណោះទេ ថែមទាំងបាន ប្រឹងប្រែងអប់រំកូនចៅ និងជំរុញឲ្យទទួលបានការអប់រំខ្ពង់ខ្ពស់។ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យកូនៗ ដែលមានឪពុកម្តាយពិការ លើសមរភូមិសង្រ្គាម កុំមានការតូចចិត្តហើយគួរមានមោទនភាព សម្រាប់ពួកគាត់៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖