(ភ្នំពេញ)៖ បន្ទាប់ពីការវាយប្រហាររបស់ក្រុមឧទ្ទាមលើទាហានមួកខៀវកម្ពុជា បណ្ដាលឲ្យស្លាប់ ៤នាក់ នៅប្រទេស​អាហ្វ្រិកកណ្ដាល នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាមិនចុះចាញ់ចំពោះការប្រយុទ្ធប្រឆាំងជាមួយអំពើភេវកម្មនោះឡើយ ហើយនៅតែបន្តបញ្ជូនកម្លាំង​ទៅបំពេញ​បេសកកម្មរក្សាសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ កងកម្លាំងមួកខៀវរបស់កម្ពុជា​នៅបណ្តាប្រទេស​ដទៃទៀត កុំមានការតក់ស្លុត​ចំពោះហេតុការណ៍នេះ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប១០ឆ្នាំនៃទិវាអតីតយុទ្ធជននៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ សម្ដេចតេជោ បានថ្លែងថា «ខ្ញុំយកឱកាសនេះ បញ្ជាក់ជូនអង្គការសហប្រជាជាតិថា កម្ពុជានឹងបង្កើតការខិតខំរបស់ខ្លួន ដើម្បីបញ្ជូនកម្លាំងបន្ដទៅជួយបណ្ដាប្រទេសជាមិត្ត យើងមិនចុះចាញ់ចំពោះអំពើភេរវកម្ម។ យើងកំពុងត្រៀមរៀបចំកម្លាំង ដើម្បីប្ដូរវេនរាប់ទាំងការទិញសម្ភារៈថ្មីៗ ដើម្បីបំពាក់ឲ្យកម្លាំងរបស់យើងនៅក្រៅប្រទេស យើងមិនថយក្រោយ ហើយសម្រេចចិត្តឈប់ចូលរួមប្រតិបត្តិការរក្សាសន្ដិសុខនោះទេ»

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា កងកម្លាំងរក្សាសន្តិភាពនៅបណ្តាប្រទេសដទៃទៀត នឹងមិនតក់ស្លុតចំពោះ​ហេតុការណ៍នេះឡើយ ហើយកងកម្លាំងកម្ពុជា នៅតែចូលរួមក្នុងសកម្មភាពរក្សាសុខសន្តិភាព។ «កម្លាំងដែលកំពុងឈរជើងនៅអាហ្វ្រិកកណ្ដាលក្ដី នៅម៉ាលីក្ដី នៅស៊ូដង់ខាងត្បូង ក៏ដូចជានៅលីបង់ មិនតក់ស្លុតចំពោះសភាពការនេះទេ ហើយបងប្អូនប្រជាជនកម្ពុជា១៥លាននាក់ នឹងកងទ័ពប្រមាណ ១១ម៉ឺននាក់ កងរាជអាវុធហត្ថ នគរបាល ប្រមាណ ៦ម៉ឺននាក់ ឈរពីក្រោយនឹងត្រៀមរៀបចំខ្លួនរួចជាស្រេច ដើម្បីចេញប្រតិបត្តិការរក្សាសន្ដិភាពជាបន្ដ»

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើឲ្យអង្គការសហប្រជាជាតិត្រួតពិនិត្យ និងត្រូវទទួលខុសត្រូវចំពោះព្រឹត្តិការណ៍​វាយប្រហារទៅលើកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ជាពិសេសផ្នែកសេនាធិការ នៃកងទ័ពរបស់អង្គការសហប្រជាជាតិ ដែលកំពុងប្រតិបត្តិការនៅអាហ្វ្រិក កណ្ដាល ត្រូវចាត់ចែងកម្លាំង ឬការរៀបចំកម្លាំងបន្ថែមទៀត ព្រោះថាការថ្លោះថ្លោយដោយសេនាធិការរបស់អង្គការសហប្រជាជាតិ វាអាចនាំមកនូវគ្រោះថ្នាក់សម្រាប់កងទ័ពប្រទេសនានា។

សម្ដេចតេជោ ក៏គ្រោងបញ្ជូនកម្លាំងជំនាញទៅកាន់ប្រទេសអាហ្រ្វិកកណ្តាល ដើម្បីពិនិត្យកន្លែងកើតហេតុ ដើម្បីឲ្យប្រាកដថា មានអ្វីកើតឡើងមុនពេលកើតហេតុ។ សម្ដេចបញ្ជាក់ថា ទាហានកម្ពុជា ក៏ធ្លាប់ប្រឡូកក្នុងការច្បាំងគ្នា ហើយមានមួយចំនួនទៀត ក៏ធ្លាប់រៀនផ្នែកសេនាធិការផងដែរ។

សម្ដេចលើកឡើងថា «កម្លាំងកម្ពុជាដែលបញ្ជូនទៅនេះ មិនមែនទៅដើម្បីប្រយុទ្ធនោះទេ បើសិនជាកម្លាំងប្រយុទ្ធ​វាមិនមែន​មានរឿងដូច្នេះនោះទេ មិនមែនឲ្យគេមកវាយលេងៗទេ តែកម្លាំងរបស់យើងសុទ្ធតែ​កម្លាំងវិស្វកកម្ម ដែលត្រូវធ្វើការដោះមីនផង និងធ្វើការសាងសង់ជួសជុលផ្លូវរហូតទៅដល់​ព្រលានយន្ដហោះដូច្នេះខ្ញុំ​សូមឲ្យមានការរៀបចំ ដើម្បីទៅពិនិត្យមើលពីបញ្ហានេះ»

សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ម៉ោងនៅក្នុង​ប្រទេសកម្ពុជា កងកម្លាំងមួកខៀវរបស់កម្ពុជា បានរងការវាយប្រហារដោយក្រុមឧទ្ទាម បណ្តាលឲ្យកម្លាំងកម្ពុជា ៤នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ កងទ័ពមួកខៀវកម្ពុជា ដែលបានពលីជីវិតនៅប្រទេសអាហ្រ្វិកកណ្តាលនោះរួមមាន៖ អនុសេនីយ៍ទោ អ៉ឹម សំ អាយុ ៣៧ឆ្នាំ មានស្រុកកំណើតនៅស្រុកពួក ខេត្តសៀមរាប, អនុសេនីយ៍ឯក ម៉ៅ អេង អាយុ ៣៧ឆ្នាំ មានលំនៅឋានក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ, ព្រិន្ទបាលទោ ស៊ាង នរិន្ទ អាយុ ៣៥ឆ្នាំ មានលំនៅឋានក្នុង​ខេត្តកំពង និងលោកព្រិន្ទបាលទោ មុំ តុលា មានស្រុកកំណើតនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

សម្តេចតេជោ ហ៊ុន សែន បាសម្តែងមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព និងបានចាត់ទុកការ​ពលីរបស់​កងទ័ពមួកខៀវរបស់កម្ពុជានេះថា ជាការពលីប្រកបដោយកិត្តិយស អង់អាចក្លាហាន និងសេចក្តីថ្លៃថ្នូរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យតាមដានជាប់ជា ប្រចាំចំពោះការវិលត្រឡប់នៃសពកងទ័ពដែលពលី ហើយរៀបចំធ្វើបុណ្យឲ្យបានល្អប្រសើរផងដែរ។

នៅក្នុងពិធីនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំកងកម្លាំង រួមទាំងអតីតយុទ្ធជនសរុបជាង ៣ពាន់នាក់ បានក្រោកឈរស្មឹងស្មាធិ៍​គោរពវិញ្ញាណក្ខន្ធកងទ័ពខ្មែរ​ដែលបានពលីក្នុង​បុព្វហេតុមនុស្សធម៌នេះ៕

សូមស្តាប់ប្រសាសន៍របស់សម្តេច៖