(កំពង់ស្ពឺ)៖ សមាជិកសកម្មរបស់បក្សប្រជាជនកម្ពុជា និងមួយចំនួនជាអតីតសមាជិក បក្សសង្គ្រោះជាតិ ជាង៣០០នាក់នោះ រស់នៅភូមិក្របីព្រៃ ភូមិព្រៃកាទ្រូ និងភូមិព្រៃក្តួច នៃឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ បានប្ដេជ្ញាចំពោះមុខគណៈពង្រឹងមូលដ្ឋាន ស្រុកឧដុង្គថា ពួកគាត់នឹងបន្តរួមរស់ជាមួយគ្នា ដើម្បីបន្តរក្សាសន្តិភាពកសាងសង្គមជាតិកម្ពុជាទៅមុខទៀត ក្រោមដំបូលសន្តិភាព នៃគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានបក្ស។
ក្រុមការងារ នៃគណៈពង្រឹងមូលដ្ឋានខាងលើនាពេលនោះ គឺដឹកនាំដោយលោក អ៊ុក កោសា ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ ហើយលោកបានលើកឡើងថា មកទល់នឹងពេលនេះ គណបក្សប្រជាជនកម្ពុជា មិនដែលបានចែកប្រជាជនពីរឿងនិន្នាការនយោបាយនោះទេ មិនដូចការលើកឡើងរបស់បក្សប្រឆាំងឡើយ ដែលតែងតែលាបពណ៌ពលរដ្ឋកាន់បក្ខពួកនេះ ដែលទង្វើនេះ គឺផ្ទុយពីការដឹកនាំរបស់គណបក្សប្រជាជន។
លោក អ៊ុក កោសា បានបញ្ជាក់ថា តែទោះជាយ៉ាងណា គណបក្សប្រជាជនមិនបានចាត់ទុកប្រជាពលរដ្ឋណាជាសត្រូវឡើយ មានតែស្ម័គ្រចិត្តរួមសុខរួមទុក្ខជាមួយគ្នា ពោលគឺជាង៤០ឆ្នាំហើយ តាំងពីប្រទេសមានសង្គ្រាម រហូតប្រទេសមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ។
ម្យ៉ាងទៀត ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ក៏តែងតែបានឧបត្ថម្ភជានិច្ចទៅដល់មូលដ្ឋាននានា ជាក់ស្តែងនៅថ្ងៃនេះផងដែរ ក្រុមការងារបានជួយឧបត្ថម្ភមេក្រូ អំព្លី កសាងបង្គន់អនាម័យ និងផ្តល់ជូននៅកម្មវិធីបំប៉នភ្នាក់ងារ និងសង្កេតការរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនូវថវិកា ៤,៨០០,០០០រៀល រួមនិងត្រីខ កំប៉ុង៩០០កំប៉ុង ក្នុងនោះក៏មានចំណែកអតីតសកម្មជនគណបក្សសង្រ្គោះជាតិផងដែរ៕