(ព្រះវិហារ)៖ ដើម្បីចូលរួមចំណែកកាត់បន្ថយថវិកា និងពេលវេលារបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរមកយកកាតគ្រីម៉ូតូ បន្ទាប់ពីពួកគាត់ បានយកម៉ូតូមកធ្វើស្លាកលេខ តែមិនទាន់ទទួលបានកាតគ្រីនោះ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចាប់ផ្តើមចាត់ឲ្យមន្ត្រី ដែលប្រចាំការតាមស្រុក យកកាតគ្រីទៅប្រគល់ជូនដល់ដៃ ពួកគាត់នៅផ្ទះរបស់គាត់តែម្តង។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តព្រះវិហារ ឲ្យដឹងថា ការចាត់មន្ត្រីតាមបណ្តាស្រុក យកកាតគ្រីម៉ូតូទៅប្រគល់ជូនពួកគាត់នេះ គឺបន្ទាប់ពីលោកបានប្រកាសជាសាធារណៈ នៅចំពោះមុខលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក្នុងកម្មវិធីទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០ ក្រោមប្រធានបទ «រួមគ្នាគាំទ្រការរឹតបន្តឹង អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោគ» កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧កន្លងទៅនេះថា ប្រជាពលរដ្ឋដែល យកម៉ូតូមកធ្វើស្លាកលេខ ប៉ុន្តែពុំទាន់ទទួលបានកាតគ្រី លោកនឹងចាត់មន្ត្រីតាមស្រុកឲ្យយកទៅប្រគល់ជូនដល់ផ្ទះ។
លោក សំ លាងទ្រី បានបន្តថា ពេលនេះការសន្យារបស់លោក គឺលោកបានធ្វើហើយ គឺធ្វើបន្ទាប់ពីការប្រកាសបានប៉ុន្មានថ្ងៃ រហូតមកដល់ពេលនេះ និងបន្តប្រហែល១៥ថ្ងៃទៀត យើងនឹងដើរចែកឲ្យអស់តាមផែនការកំណត់ ហើយបន្ទាប់ពីយើង បានយកកាតគ្រី ទៅប្រគល់ជូនគាត់នៅតាមផ្ទះអស់ហើយ ប្រជាពលរដ្ឋដែលមកធ្វើថ្មី គឺធ្វើភ្លាមបានភ្លាម ឲ្យតែគាត់មានឯសារគ្រប់គ្រាន់។
លោកបានបញ្ជាក់ថា «កាលពីមុនការយឺតយ៉ាវ គឺយើងយកកាតគ្រីទៅបោះពុម្ភនៅភ្នំពេញ ម៉្យាងទៀត យើងធ្វើហើយគាត់អត់មកយក ព្រោះគាត់រវល់ធ្វើស្រែចំការ និងប្រកបរបរផ្សេងៗទៀត»។
លោកស្រី ភូ សុខរីម ដែលជាប្រជាពលរដ្ឋ រស់នៅភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឲ្យដឹងថា គាត់ពិតជាសប្បាយរីករាយណាស់ ដោយបានមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ យកកាតគ្រី មកប្រគល់ជូនគាត់ដល់ផ្ទះ។
លោកស្រី បានបន្តទៀតថា គាត់ធ្វើស្លាកលេខម៉ូតូយូរហើយ តែមិនទាន់បានទទួលបានកាតគ្រីទេ ដែលករណីនេះ គឺដោយសារគាត់ គ្មានពេលវេលាទៅយក ព្រោះជាប់រវល់ធ្វើស្រែចំការ លុះបានមន្ត្រីគាត់យកមកឲ្យដល់ផ្ទះអញ្ជឹង គាត់សប្បាយចិត្តណាស់ ណាមួយបានកាត់បន្ថយពេលវេលា និងថវិការបស់គាត់បានមួយកំរិតផងដែរ។
គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនៃរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី គឺបានធ្វើការកែប្រែប្រពន្ធការងារជាច្រើន ក្នុងន័យធ្វើយ៉ាងណា កុំឲ្យមានការយឺតយ៉ាវដល់បងប្អូនប្រជាពលរដ្ឋដូចជា កន្លែងចុះបញ្ជីយានយន្ត កន្លែងធ្វើស្លាកលេខ កន្លែងប្រឡងយកប័ណ្ណបើកបរ និងកន្លែងត្រួតពិនិត្យលក្ខណៈ យាន្តយន្តជាដើម គឺធ្វើតាមប្រព័ន្ធអនឡាញទាំងអស់ ហើយរហ័សទាន់ចិត្ត ផ្តល់ភ្លាមឭតែម្តង៕