(ភ្នំពេញ)៖ បុរសម្នាក់ដោយសារឥទ្ធិពលគ្រឿងញៀន ដល់កម្រិតបានវាយធ្វើបាប និងគំរាមសម្លាប់ប្រពន្ធចោល ព្រមទាំងបង្ខំឲ្យនិយាយចោទ ទៅលើម្ចាស់ផ្ទះជួលថា បានចាប់រំលោភខ្លួន ក្នុងគោលបំណងចង់បានលុយពីម្ចាស់ផ្ទះជួលចំនួន២០០០ដុល្លារ ដើម្បីបានលុយយកទៅជក់ថ្នាំញៀន។

បុរសខាងលើនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីម៉ោង១៥៖០០នាទីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ក្រោយពីបានហៅមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា។

បុរសដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ស្រ៊ុន អាយុ៣២ឆ្នាំ មុខរបរបើកបរ ស្នាក់នៅបន្ទប់ជួលនៅភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិកំពង់គល់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ចំណែកស្ត្រីជាប្រពន្ធឈ្មោះ សាត សុខគា អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាប់នៅបន្ទប់ជួល ជាមួយប្តីមានស្រុកកំណើតភូមិថ្មពូន ឃុំអណ្តូងតាពេជ្រ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ រីឯម្ចាស់ផ្ទះដែលរងការចោទប្រកាន់ឈ្មោះ ទូច ផល្លី អាយុ៥៧ឆ្នាំ ស្នាក់នៅផ្ទះលេខ០៦ ផ្លូវបេតុងក្រុម១ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ បុរសដែលជាជនសង្ស័យ បាននាំប្រពន្ធមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីដាក់ពាក្យបណ្តឹង ប្តឹងចោទប្រកាន់ទៅលើបុរសឈ្មោះ ទូច ផល្លី ថាបានប្រព្រឹត្តនិងចាប់រំលោភ មកលើប្រពន្ធរបស់ខ្លួន ដោយពេលនោះជនសង្ស័យ បានទារសំណងជំម្ងឺចិត្តចំនួន២០០០ដុល្លារ។

តាមសំដីស្ត្រីឈ្មោះ សាត សុខគា បានប្រាប់សមត្ថកិច្ចថា មូលហេតុដែលនាងឆ្លើយចោទប្រកាន់ ទៅលើម្ចាស់ផ្ទះថា បានចាប់រំលោភមកលើនាងនោះ គឺដោយសារការវាយធ្វើបាប និងគំរាមកំហែងពីសំណាក់ជាប្តី គោលបំណងចង់បានលុយ បើនាងមិនធ្វើតាម និងសម្លាប់នាងចោល ទើបនាងបង្ខំចិត្តធ្វើទៅ ហើយចំពោះទង្វើខាងលើនេះ នាងក៏បានសំពះសុំទោសទៅលើម្ចាស់ផ្ទះ កុំឲ្យប្រកាន់នាងផងដែល។

ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួន បានធ្វើតេសទៅលើទឹកនោមឃើញថា មានផ្ទុកដោយសារធាតុញៀន ហើយបុរសខាងលើបានសារភាពថា ខ្លួនបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។ បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តចំណាត់ការតាមនីតិវិធីច្បាប់៕