(ព្រៃវែង)៖ លោក ប៉ោ ភក្តិ អគ្គលេខាធិការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ បានចែកអំណោយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន៤៥៨គ្រួសារ ក្រោមការឧបត្ថម្ភរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី។
កម្មវិធីនេះប្រព្រឹត្តទៅនៅវត្តរមាសឈរ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយមានការចូលរួមពីសំណាក់អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន មន្ត្រីក្រោមឱវាទ នៃអគ្គលេខាធិការដ្ឋាន លោកអភិបាល អភិបាលរង ស្រុកកំពង់ត្របែក ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី និងក្រុមការងារផងដែរ។
អគ្គលេខាធិការ បានលើកឡើអំពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា គឺជាទុក្ខលំបាករាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។
លោកថា «ការបរិច្ចាគរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ នៅពេលនេះ គឺជាការចូលរួមចែករំលែកជាមួយរាជរដ្ឋាភិបាលក្នុងសកម្មភាពមនុស្សធម៌ ជួយដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ»។
តំណាងប្រជាពលរដ្ឋទាំង៤៥៨គ្រួសារ ដែលបានទទួលអំណោយ ក៏បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងម្ចាស់ឧបត្ថម្ភ ដែលតែងតែយកចិត្តទុកដាក់ដល់ជីវភាពប្រជាពលរដ្ឋនៅក្នុងឃុំ ព្រមទាំងជួយអភិវឌ្ឍហេដ្ឋារចនាសម្ពន័្ធនានាដូចជា ផ្លូវលំ ប្រឡាយទឹក មន្ទីរពេទ្យ សាលារៀន វត្តអារាម អណ្តូងទឹក និងទីស្នាក់ការប្រជាការពារជាដើម។
សូមបញ្ជាក់ថា នេះជាលើកទី៣ ហើយសម្រាប់ឃុំគោខ្ចក ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត សរុបទាំង៣លើក មានចំនួន៩៣៨គ្រួសារ ( អង្ករ៤៦៩តោន, មីកញ្ចប់១៨៧៦កេស, ប្រេងឆា៩៣៨ដប, សាប៊ូលាងខ្លួន ១៨៧៦ដប សរុបជាទឹកប្រាក់១៨២,៩១០,០០០៛)៕