(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ, នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នាយ-ពលទាហាន​ក្នុងបញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ បានចូលរួមរំលែកទុក្ខនូវសេចក្តីទុក្ខដ៏ក្រៀមក្រំ ក្តុកក្តួលអាឡោះអាល័យ​ជាទីបំផុតចំពោះការ ទទួលមរណភាព​របស់ ទាហានមួកខៀវកម្ពុជា៤រូប នៅប្រទេសអាហ្វ្រិកកណ្តាល។

នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ, នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានថ្លែងថា នេះគឺជាការពលីជីវិតប្រកបដោយ កិត្តិយសថ្លៃថ្នូរ និងវីរភាព​ដ៏អង់អាចក្លាហាន នៃកុលបុត្រកម្ពុជា ក្នុងការបំពេញបេសកកម្ម មនុស្សធម៌អន្តរជាតិ ក្រោមឆ័ត្រ អ.ស.ប នៅសាធារណរដ្ឋ​អាហ្រ្វិកកណ្តាល។

សូមបញ្ជាក់ថា នៅយប់រំលងអាធ្រាត្រ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ មានការវាយប្រហារ ដោយក្រុមឧទ្ទាម ទៅលើក្បួនយុទ្ធដំណើររបស់កម្លាំង Minusca របស់អង្គការសហប្រជាជាតិ បណ្តាលឱ្យកម្លាំងកម្ពុជាម្នាក់ស្លាប់ភ្លាមៗ ម្នាក់រងរបួស និងបាត់ខ្លួន៣នាក់។ ប៉ុន្តែពេលនេះអ្នកដែលបាត់ខ្លួនទាំងនោះបានស្លាប់ហើយ។ ដោយចំនួនអ្នកស្លាប់ទាំងអស់៤នាក់ (មុនម្នាក់ ក្រោយ៣នាក់)។

បើតាមសេចក្តីប្រកាសក្រសួងការពារជាតិ បានឱ្យដឹងថា ទាហានមួកខៀវកម្ពុជា ៣រូប ដែលបានបាត់ខ្លួន ហើយទើបនឹងដឹងថាទទួលមរណភាព​នេះរួមមាន៖  លោកពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិកបើកបរប៊ុលដូស៊ែរ, លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និង លោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ, ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នាយ-ពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្សទាំងមូល សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត និងសូមក្រុមគ្រួសារនៃសពទទួលនូវការគោរពពីយើងខ្ញុំទាំងអស់គ្នា។